ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ចំនួន៨០គ្រួសារបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ហួត វណ្ណថូ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៨០គ្រួសារ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ 

មានមតិសំណេះសំណាលនាឱកាសនោះ លោក ហួត វណ្ណថូ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះលោក ហួត វណ្ណថូ បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។

លោក អ៊ូ ឈាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា គ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុត ដែលបានទទួលអំណោយទាំង៨០គ្រួសារនោះមកពីឃុំឈើទាលចំនួន៤០គ្រួសារ និងឃុំកំពង់ស្វាយចំនួន៤០គ្រួសារ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៨០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី១យួរ, ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល១ដប ,ម៉ាស់ ១០បន្ទះ, ទឹកដោះគោ២កំប៉ុង និងថវិកា ៥០,០០០ រៀល ( ប្រាំម៉ឺនរៀល )។

បន្ទាប់មកប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារ នៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានចែកជូនមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ១កេស ,ទឹកត្រី១យួរ, ខ្ទឹមស១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់១០បន្ទះ ទឹកស៊ីអុីវ១យួរ តង់១ សម្ភារប្រើប្រាស់ផ្ទះបាយមួយឈុត និងថវិកា ៤០ម៉ឺនរៀល។ ក្នុងនោះដែរអនុសាខាកាកបាទក្រហមស្រុកកៀនស្វាយ បាននាំយកអំណោយរួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកត្រីស៊ីអុីវ១យួរ ទឹកដោះគោឆៅ២ឡូត៍ ត្រីខ២ឡូ មី១កេស មុង១ ភួយ១ ខ្នើយ១ សំភារៈប្រើប្រាស់ផ្ទះបាយមួយចំនួន និងថវិកាចំនួន១លានរៀល។ ដោយ៖ឆ ដា


ចែករំលែក៖