ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេដ្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្ត ប្រារព្ធនៅក្រសួងមហាផ្ទៃ ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ពិធីប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី ឯកឧត្តម លោកស្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីជាអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត អស់លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលទាំង២៥រាជធានីខេត្ត ព្រមទាំងមន្រ្តីរាជការ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត ។
លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើរបាយការណ៍ឱ្យដឹងថា រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលបច្ចុប្បន្ន ត្រូវផ្ទេរទៅឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រួមមានមន្ទីរសុខាភិបាលចំនួន២៥ មន្ទីរពេទ្យបង្អែករាជធានីខេត្តចំនួន២៥ ការិយាល័យស្រុកប្រតិបត្តិចំនួន១០៣ មន្ទីរពេទ្យបង្អែកក្រុង ស្រុក ចំនួន៩២ មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្ត៍សុខភាពចំនួន១២៧ ។
ទន្ទឹមនឹងការផ្ទេររចនាសម្ព័ន្ធ លោកបានបន្តថាក្រសួងសុខាភិបាល បានផ្ទេរធនធានមនុស្ស ដែលកំពុងបំពេញការងារតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៅឱ្យរដ្ឋបាលរាជធានីខេត្តមានចំនួន២០១២៤នាក់ ក្នុងនោះរួមមានគ្រូពេទ្យកំពុងបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១៧ពាន់២៣៨នាក់ បុគ្គលិកបំរើការងាររដ្ឋបាលនៅមន្ទីរ និងការិយាល័យសុខាភិបាលចំនួន ២៨៨៦នាក់ ព្រមទាំងបុគ្គលិកកិច្ចសន្យាជិត៣ពាន់នាក់ផ្សេងទៀត ។
លោកបានន្ថែមថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសអន្តរក្រសួងស្ដីការផ្ទេរធនធានថវិកាដោយមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានីខេត្តសម្រាប់អនុវត្តមុខងារនេះ ដោយផ្អែកតាមច្បាប់ថវិកាជាតិឆ្នាំ២០២០ និងប្រកាសអន្តរក្រសួង គឺថវិកាប្រមាណ ១៦៦.៥លានដុល្លារត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ហើយទ្រព្យសម្បត្តិកំពុងប្រើប្រាស់ដោយមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទក៏ត្រូវផ្ទេរមកឱ្យរដ្ឋបាលរាជធានី ខេត្ត នាពេលខាងមុខដែរ ។
នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអញ្ជើញថ្លែងចំណាប់អារម្មណ៍ជូនសម្ដេច និងអង្គពិធី ដោយបានកត់សំគាល់អំពីការប្រគល់មុខងារគ្រប់គ្រងការផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នេះ ថាមានគោលបំណធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវផ្ដល់សេវាសុខាភិបាលឱ្យកាន់តែកៀកប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថាក្រសួងនៅតែមានតួនាទីចំបាច់មួយចំនួនដដែល ដូចជាការកសាងច្បាប់ កំណត់របៀបវារៈគោលនយោបាយសុខាភិបាលជាតិ កំណត់ស្តង់ដារបច្ចេកទេស ផ្ដល់គោលការណ៍ណែនាំនានា ពិនិត្យ និងតាមដានវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាលជាដើម ។ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើរដ្ឋបាលរាជធានីខេត្តខិតខំគៀងគរការគាំទ្រថវិកា សម្ភារៈ និងបច្ចេកទេស និងប្រើប្រាស់ធនធាន ដើម្បីផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំទៅកាន់អង្គពិធី ។ សម្ដេចបានមានប្រសាសន៍ថា ការប្រគល់មុខងារគ្រប់គ្រងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលប្រវត្តិសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បន្ទាប់ពីបានដំណើរការរយៈពេលជាង១០ឆ្នាំមកនេះ ។
សម្ដេចបានបន្ថែមថានៅរយៈពេលចុងក្រោយនេះ យើងបានសម្រេចកិច្ចការធំៗជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះ នៅមានកិច្ចការមួយចំនួនទៀតនៅសេសសលដែលចាំបាច់ត្រូវបន្តរៀបចំនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់នេះក្នុងរយៈពេលមួយជាកំណត់ជាបន្ត ដោយសារតែនេះជាកិច្ចការថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើង ដែលទាមទារការអត់ធ្មត់ និងពិចារណាគ្រប់ជ្រុងជ្រោយ ចៀសវាងកំហុសទាំងឡាយណាប៉ះពាល់ដល់ការបំរើសេវាជូនប្រជាពលរដ្ឋ។
សម្ដេចបានរំលឹកថាទោះបីប្រទេសយើងកំពុងជួបប្រទះនឹងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ក៏ដោយ ក៏ផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ យើងបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តកិច្ចការជាអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការអនុវត្តអនុក្រឹត្យផ្ទេរមុខងារគ្រប់គ្រងវិស័យសុខាភិបាលនេះ ដោយបានចេញប្រកាសផ្ទេរបុគ្គលិក ថវិកា និងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាល។
សម្ដេចបានមានប្រសាសន៍ថាផ្អែកតាមប្រព័ន្ធគ្រប់គ្រងសុខាភិបាលថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានា ហើយអ្វីដែលរដ្ឋបាលរាជធានីខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលនោះ គឺការបំពេញការងារដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលបានកំណត់ដោយក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ សម្ដេចបានបន្តថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តត្រូវមានតួនាទីទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តសាមី ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានទទួលខុសត្រូវការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់ជូន ។
សម្ដេចបានបង្ហើបថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀត ដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅ ដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។
សម្ដេចបានមានប្រសាសន៍កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
សម្ដេចបានបន្តថាកម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ។
សម្ដេចបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តសិក្សា និងអភិវឌ្ឍន៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញក្លាយជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង ។
សម្ដេចបន្តថាក្រសួងនឹងសិក្សាដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការផ្ដល់សេវាមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានាដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានាដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត ។
ជាការកត់សំគាល់ ដើម្បីធានាឱ្យរដ្ឋបាលរាជធានីខេត្តអាចចាប់ផ្ដើមគ្រប់គ្រងចាត់ចែងមុខងារផ្ដល់សេវាសុខាភិបាលដែលបានផ្ទេរប្រកបដោយការទទួលខុសត្រូវ សម្ដេចបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្តរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តសាមីឱ្យបានទូលំទូលាយ ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។
ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិកប្រមាណជាង២ម៉ឺននាក់ សម្ដេចបានមានប្រសាសន៍ថា ទោះបីបុគ្គលិកទាំងនេះនៅតែបន្តស្ថិតក្នុងអង្គសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជធានីខេត្តសាមីនីមួយៗ ហើយថាការគ្រប់គ្រងបុគ្គលិក ពិសេសការតែងតាំបុគ្គលិកគឺជាកិច្ចការដ៏រសើប ដែលក្រុមប្រឹក្សា និងគណៈអភិបាលត្រូវមានតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។
សម្ដេចបានមានប្រសាសន៍ដែរថាថវិកាដែលបានផ្ទេរមកគឺមានភ្ជាប់លក្ខខណ្ឌ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាលត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកានេះ និងមិនអាចយកថវិកានេះទៅប្រើប្រាស់ក្នុងមុខងារផ្សេងក្រៅពីវិស័យសុខាភិបាលបានឡើយ ហើយគ.ជ.អ.ប ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធមុខងារសេវាសុខាភិបាលមករាជធានីខេត្តឱ្យបានរួចរាល់មុនឆ្នាំ២០២០។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាម គ.ជ.អ.ប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពចំរុងចំរើន៕ដោយ៖សិ លា