រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ដែលមានបាតុកម្មគ្រប់ទិសទី គ្រប់រូបភាព ប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក ។ នៅពេលនេះពិធីបុណ្យសពរបស់ George Floyd បានប្រារព្ធឡើងជាផ្លូវការហើយ ដោយមានភ្ញៀវអញ្ជើញជាមន្ត្រី អ្នកនយោបាយបុគ្គលសំខាន់ៗនៅអាមេរិក។
ពលរដ្ឋដែលបានទៅចូលរួមពិធីបុណ្យសពរបស់ George Floyd នៅថ្ងៃទី៤ ខែមិថុនា បានគោរពវិញ្ញាណក្ខន្ធ រយៈពេល៨នាទីនិង៤៦វិនាទី ជាពេលវេលាដែលជនរងគ្រោះត្រូវប៉ូលិសសង្កត់ករហូតដល់ស្លាប់។
ពិធីបុណ្យសពលោក George Floyd ត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ North Central ក្នុងទីក្រុង Minnneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិកនាថ្ងៃទី៤ ខែមិថុនា (ពេលវេលានៅអាមេរិក)។ លោកអាចារ្យ Al Sharpton បានអំពាវនាវដល់គ្រួសារ មន្ត្រីក្នុងតំបន់ អ្នកនយោបាយ និង អ្នកសិល្បៈល្បីៗសន្យាស្វែងរកយុត្តិធម៌ឲ្យ George Floyd។
អ្នកដែលចូលរួមក្នុងពិធីបុណ្យសព បានចំណាយពេល៨នាទី និង ៤៦វិនាទី គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលជាពេលវេលា George Floyd ស្លាប់ដោយសារប៉ូលិស។
សារព័ត៌មាន AP បានដកស្រង់សម្តីអាចារ្យ Sharpton ដែលបាននិយាយនៅក្នុងពិធីបុណ្យសពនោះថា« យើងមិនចង់ឲ្យមនុស្សរបស់យើងត្រូវអ្នកផ្សេងសង្កត់ករហូតដល់ស្លាប់បែបនេះទេ។ នេះជាពេលវេលាដែលយើងត្រូវក្រោកឈរឡើង ដោយសារតែឈ្មោះ George Floyd ហើយនិយាយថាត្រូវតែដកជង្គង់ចេញពីករបស់យើង»។
ពិធីបុណ្យសពរបស់Floydគ្របដណ្តប់ដោយការតក់ស្លត់ និងទឹកភ្នែក ។ពិធីនេះមានការចូលរួមពីសមាជិកក្នុងក្រុមគ្រួសារនិងភ្ញៀវអញ្ជើញតែប៉ុណ្ណោះ ។ ប៉ុន្តែក៏មានពលរដ្ឋរាប់ពាន់នាក់នៅខាងក្រៅបង្ហាញពីសាមគ្គីភាពក្នុងការទាមទាររកយុត្តិធម៌និងបញ្ចប់ការរើសអើងជាតិសាសន៍៕ដោយ៖ធី រីណា