ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ កម្ពុជា បានសម្រេចកែសម្រួលហិរញ្ញប្បទានពិសេស៥០លានដុល្លារ​ដើម្បីទ្រទ្រង់វិស័យកសិកម្ម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនីតិវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូន ដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសវ៉ាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA និងបន្តផ្សព្វផ្សាយពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខខណ្ឌមួយចំនួនផងដែរ។

ដោយសង្កេតឃើញថា ខេត្តឧត្តរមានជ័យជាខេត្តមានសក្តានុពលខាងផ្នែកកសិកម្ម មានផ្ទៃដីធំ និងមានជីវជាតិល្អ ដូចនេះលោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយចងក្រងគ្នាជាក្រុមផលិតអោយបានច្បាស់លាស់ និងបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ ជាពិសេសត្រូវរៀបចំផែនការក្នុងការដាំដុះអោយបានត្រឹមត្រូវ និងជាដំណាក់កាល ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើអោយតំលៃធ្លាក់ចុះ។ ដោយឡែកបញ្ហាទីផ្សារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការជួយភ្ជាប់រវាងអ្នកផលិត ទៅកាន់អ្នកទទួលទិញ។ ទន្ទឹមនេះ ក្នុងករណីបងប្អូនមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទានអោយបានទាន់ពេលវេលាដើម្បីជួយពន្លឿនដល់ដំណើរការបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់បងប្អូនបាន។

លោក កៅ ថាច បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ចេកទេសបន្ថែមផងដែរដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដល់បងប្អូននៅតាមមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូនបានសួរមកកាន់លោក និងបានបំភ្លឺជូនដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល៕

ដោយ៖ ប៉ែន នួន


ចែករំលែក៖