ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការរើសអើងទៅលើក្រុមជនជាតិដើមអូស្ត្រាលី

ចែករំលែក៖

សារៈសំខាន់ដែលក្រុមបាតុករអូស្ត្រាលីចង់បង្ហាញនៅពេលនេះគឺស្វែងរកយុត្តិធម៌ដល់ក្រុមជនជាតិដើមអូស្ត្រាលីដែលបានស្លាប់ក្នុងពេលឃុំខ្លួន ។ បើទោះបីត្រូវបានហាមប្រាមការជួបជុំគ្នាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ក្តីក៏បាតុកម្មខាងលើគឺធ្វើឡើងដោយមានឥទ្ធិពលពីបាតុកម្មនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នៅថ្ងៃទី៦ខែមិថុនា បានដង្ហែក្បួនបាតុកម្មទាមទារយុត្តិធម៌ជូនជនជាតិដើមរបស់អូស្ត្រាលី ។
បាតុកម្មខាងលើ គឺទទួលឥទ្ធិពលពីបាតុកម្មប្រឆំាងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់ George Floyd នៅអាមេរិក។ នៅទីក្រុងជាច្រើន ក្នុងប្រទេសអូស្ត្រាលី ក្នុងនោះមានទីក្រុង Sydney, Melbourne, Brisbane និង Adelaide ពលរដ្ឋជាច្រើនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនិឹងការឃុំខ្លួនជនជាតិដើមនៅក្នុងប្រទេសនេះ ក៏ដូចជាចូលរួមបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ពលរដ្ឋអូស្ត្រាលី រាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្ម“Black Lives Matter” នៅទូទាំងប្រទេសអូស្ត្រាលីនាថ្ងៃទី ៦ខែមិថុនានេះ បើទោះបីមានការព្រមានពីនាយករដ្ឋមន្ត្រី Scott Morrison និងថ្នាក់ដឹកនាំតាមបណ្តារដ្ឋក្តី។
កាលពីយប់ថ្ងៃទី ៥ខែមិថុនា តុលាការរដ្ឋ New South Wales ប្រទេសអូស្ត្រាលីបានប្រកាសអាសន្ន ហាមប្រមូលផ្តុំគ្នា ដើម្បីរារាំងបាតុកម្មដែលមានមនុស្សប្រមាណ១ម៉ឺននាក់ចូលរួម។ ប៉ុន្តែអ្នកដឹកនាំបាតុកម្ម បានប្រកាសថា មិនអាចគ្រប់គ្រងការធ្វើបាតុកម្មបានឡើយដោយតុលាការចេញសេចក្តីសម្រេចយឺតពេល មិនអាចរំសាយទាន់ពេលវេលានោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖