ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗបន្តរំលឹកដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩

ចែករំលែក៖

   ភ្នំពេញ៖ បញ្ហាជំងឺកូវីដ-១៩ នៅតែបន្តក្លាយជាក្តីកង្វល់ខ្លាំងសម្រាប់បណ្តាប្រជាជននៃប្រទេសជាច្រើនលើសាកលលោក។ បើទោះបីជាករណីជំងឺមួយនេះនៅកម្ពុជានៅមិនទាន់ប្រឈមនឹងសភាពធ្ងន់ធ្ងរក្តីក៏ប្រមុខរដ្ឋាភិបាល និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើននៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ រស់នៅដោយភាពអនាម័យ។

ស្ទើរជារៀងរាល់ថ្ងៃប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន ផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលជាពេលដែលប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ សម្តេចមានប្រសាសន៍ថានៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវ​និងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។ ជាមួយគ្នានេះដែរសម្តេចក៏បានចែករំលែកបន្ថែមពីវិដេអូអប់រំខ្លីមួយចំនួនរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះនៅកម្ពុជាផងដែរ។

តារាចម្រៀងនឹងសម្តែង សុគន្ធ នីសា បានថ្លែងក្នុងសារនោះថា នៅតាមដងផ្លូវនាងសង្កេតឃើញថាប្រជាពលរដ្ឋកម្ពុជានៅមានការធ្វេសប្រហែសមិនបានពាក់ម៉ាស ឬការពារខ្លួនបានត្រឹមត្រូវពីការឆ្លងជំងឺនេះនៅឡើយ។ នាងថាពេលនេះគឺនៅតែមិនអាចធ្វើការធ្វេសប្រហែសបាននោះទេ បើទោះបីជាពេលនេះការកើតឡើងនៃជំងឺនេះមានចំនួនតិចតួចបំផុតក៏ដោយ។ នាងថា ចំនួនអ្នកឆ្លងតិចតួចបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្លះបាត់ការប្រុងប្រយ័ត្ន នេះជាមូលហេតុដែលប្រឈមទៅនឹងបញ្ហាខ្លាំងព្រោះតែការភ្លេចខ្លួន។ នាងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ទាំងមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺមួយនេះ ហើយរួមគ្នាទប់ស្កាត់ជំងឺមួយនេះទាំងអស់គ្នា។

ក្រៅពីតារាចម្រៀង សុគន្ធ នីសា ក៏មានសិល្បករជាច្រើនរូបទៀតបានបន្តចែករំលែក និងរំលឹកដាស់តឿនឲ្យប្រជាពលរដ្ឋទាំងអស់បន្តការពារ រក្សាអនាម័យ រស់នៅស្អាត មានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ដែរថាគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះចំនួនអ្នកដែលមានវីរុសកូវីដ​-១៩ ដែលត្រូវបានរកឃើញនៅកម្ពុជាមានសរុបចំនួន១២៦នាក់ ខណៈចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន១២៤នាក់ គឺនៅបន្តស្នាក់នៅព្យាបាលចំនួន២នាក់ប៉ុណ្ណោះនិងមិនមានអ្នកស្លាប់ឡើយ ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖