ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បាន​បង់ថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹងជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

ចែករំលែក៖

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ​២០២០នេះបានចេញសេចក្តីជូនដំណឹងពីការប្រមូលថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹងនៅរាជ​ធានីភ្នំពេញសម្រាប់ខែឧសភាឆ្នាំ២០២០

ដោយបាន​បញ្ជាក់ថា​ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា បន្ទាប់ពីរដ្ឋបាលរាជធានី​ភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីពីការ​ ជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរួសរាន់មកបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រហូតដល់ខែឧសភាឆ្នាំ២០២០ រួចរាល់ហើយ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ

ACLEDA, ABA, WING, AMK, WB Finance, Prince Bank,EMONEY, Lyhour Weiluy, Pi Pay, និងDara Pay។ 

ប៉ុន្តែ​នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងឱ្យបានទាន់ពេលវេលាកំណត់នៅឡើយ។

រដ្ឋបាល​រាជធានី​ភ្នំពេញបានដាស់តឿន​រំលឹកចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់​បានទូទាត់បំណុលសរុបថ្លៃសេវា​ប្រមូល​សំរាម និងសំណល់រឹង រដ្ឋបាលរាជធានីនឹងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្តងទៀតឱ្យទូទាត់បំណុលរួមនឹងអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

១- បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បាន​បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។

២- កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន។ 

៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់​ ៕​
ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖