ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់ខែឧសភាឆ្នាំ២០២០
ដោយបានបញ្ជាក់ថា ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីពីការ ជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរួសរាន់មកបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រហូតដល់ខែឧសភាឆ្នាំ២០២០ រួចរាល់ហើយ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ
ACLEDA, ABA, WING, AMK, WB Finance, Prince Bank,EMONEY, Lyhour Weiluy, Pi Pay, និងDara Pay។
ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងឱ្យបានទាន់ពេលវេលាកំណត់នៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញបានដាស់តឿនរំលឹកចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានីនឹងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្តងទៀតឱ្យទូទាត់បំណុលរួមនឹងអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
១- បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។
២- កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន។
៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់ ៕
ដោយ ៖ ជាយក្រុង