ហ្វុីលីពីន៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា មន្ត្រីហ្វុីលីពីនបានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេគឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ-១៩ ។ សកម្មភាពខាងលើគឺក្នុងគោលដៅទប់ស្កាត់កូវីដ-២៩ឱ្យមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។
នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វុីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យារពេលឲ្យសិស្សចូលរៀនវិញរហូតដល់មានថ្នាំព្យាបាលកូវីដ-១៩ »។
គិតមកទល់ពេលនេះ ហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់១.០១១នាក់។ ជាមួយគ្នានេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ហ្វុីលីពីនមានករណីឆ្លងថ្មីចំនួន៥៧៩ នាក់ ។
ពេលថ្មីៗនេះប្រធានាធិបតីហ្វុីលីពីនលោកRodrigo Duterte បានលើកឡើងថា លោកមិនចង់ឲ្យសិស្សចូលរៀនវិញក្នុងពេលមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរៀនអាចប្រឈមនឹងហានិភ័យនៃការឆ្លងខ្ពស់ ដោយសារសិស្សអង្គុយក្បែរគ្នា៕ដោយ៖ធី រីណា