ភ្នំពេញ ៖ បុរសម្នាក់បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់មកដល់ផ្លូវក្រោមដីបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់មកដល់ផ្លូវក្រោមដី នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលលោតពីលើស្ពាននោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គឺគ្រាន់តែដឹងថាមានរាងធាត់ សម្បុរខ្មៅស្រអែម ស្លៀកខោខូវប៊យពណ៌ខៀវពាក់អាវដៃវែងក្រឡាការ៉ូ កម្ពស់ប្រហែល ១,៦០ម៉ែត្រ។
បេីតាមសម្ដីបុរសម្នាក់ដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា ដំបូងឡើយ គាត់ឃើញបុរសរងគ្រោះខាងលើបានឈរនៅលើស្ពានអាកាសស្ទឹងមានជ័យហើយអើតឈ្ងោកមើលទៅក្រោម លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញលោតចុះមកក្រោមធ្លាក់មកដល់ផ្លូវក្រោមដីរងរបួសបាក់ដៃបាក់ជើង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាតតែម្ដង ហើយភ្លាមៗនោះសមត្ថកិច្ចបានទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហេីយបានសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះឲ្យទៅមេីល និងដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យជនរងគ្រោះមកធ្វើអត្តឃាតនៅលើស្ពានអាកាសនេះផងដែរ ៕ ដោយ ភារ៉ា ដង្កោ