ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ចុះវាយកម្ទេចរបងធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើ

ចែករំលែក៖

ខេត្តសៀមរាប៖ របងធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើខេត្តសៀមរាប ត្រូវបានអាជ្ញាធរវាយកម្ទេចចោល ដើម្បីរំដោះផ្លូវ ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវបេតុង

យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើកិច្ចការងារ ការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ឲ្យមានភាពប្រសើរឡើង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងនិងសម្រួលដល់ការធ្វើដំណើរជូនដល់បងប្អូនជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នេះ ក្រុមការងារចម្រុះរដ្ឋបាលក្រុង/ខេត្តសៀមរាប បាននឹងកំពុងបន្តដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវ បេតុងទទឹង ៦ម៉ែត្រកម្រាស់ ២០សង់ទីម៉ែត្រ បណ្ដោយប្រវែង៨៣០ម៉ែត្រ កប់លូរំដោះទឹកកណ្តាលទ្រូងផ្លូវ មុខកាត់ .៨ម៉ែត្រ នៅភូមិធ្លកអណ្ដូង (របងចាស់ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើ) សង្កាត់ស្លរក្រាម ក្រុងសៀមរាប និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយគណៈកម្មការរដ្ឋបាលខេត្ត សៀមរាប។

ជាមួយគ្នានេះ លោក ទៀ សីហា ក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់សំណង់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរ មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

ដោយសារកំណាត់ផ្លូវកំពុងដំណើរការសាងសង់ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងធ្វើចរាចរណ៍តាមផ្លូវនេះ សូមបង្វែរមកធ្វើចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត ឬតាមផ្លូវ ៦០ម៉ែត្រ វិញ៕ដោយ៖សហការី


ចែករំលែក៖