ភ្នំពេញ៖ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅបន្ទប់ជាន់ទី៤ នៃសណ្ឋាគារយីហោ“ណៃអ៉ីន” ដោយសារតែបុគ្គលិករបស់សណ្ឋាគារសាកថ្មទូរស័ព្ទដៃទុកចោលជាច្រើនថ្ងៃ ទើបបណ្ដាលឲ្យផ្ទុះ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ចែកជើងគ្នាទាំងយប់ ហើយម្ចាស់សណ្ឋាគារ បានរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យចេញជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៣៥នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអាគារសណ្ឋាគារយីហោ” ណៃអ៉ីន” ជាប់ធនាគារកម្ពុជាសាធារណៈ ជិតស្តុបរតនាស្រីម៉ៅ នៅលើផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ហ៊ុយចេញពីជាន់ទី៤ នៃសណ្ឋាគារយីហោ ណៃអ៉ីនខាងលើ ដោយមិនដឹងមូលហេតុអ្វីនៅឡើយ ហើយក៏ឃើញភ្ញៀវដែលមកស្នាក់នៅនាំគ្នារត់យកប្រាសអាយុ ចុះមកខាងក្រោម ។ ទើបបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកសណ្ឋាគារនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែដោយសារមានផ្សែងហ៊ុយខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍បាន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍ផងដែរ ។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ មូលហេតុដោយសារតែបុគ្គលិករបស់សណ្ឋាគារសាកថ្មទូរស័ព្ទដៃទុកចោលជាច្រើនថ្ងៃ ទើបបណ្ដាលឲ្យផ្ទុះបង្កការឆាបឆេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុហើយធ្វើការអន្តរាគមន៍បាញ់រហូតរលត់ទៅវិញផងដែរ ដោយមិនឆេះរាលដាលខ្លាំងនោះទេ ៕ដោយ៖អឿន ភារ៉ា