ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជំនាញលួចកាបូបនៅកន្លែងវេរលុយតាមខេត្ត

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមុខសញ្ញាពូកែលួចកាបូបនៅកន្លែងវេរលុយបានចំនួន៣នាក់នៅខេត្តមណ្ឌលគិរី ហើយកំពុងស្វែងរកបក្សពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន។

ប្រភពពីមន្រ្តីនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា មុខសញ្ញាខាងលើនេះតែងតែធ្វើសកម្មភាពលួចកាបូបលុយតាមកន្លែងភ្នាក់ងារវេរលុយ Wing ហើយត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលខេត្តមណ្ឌលគិរីធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តមណ្ឌលគិរី ក្នុងនោះមានជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួន ចំណែក៤នាក់ទៀតកំពុងគេចខ្លួន  បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចូលលួចកាបូបលុយនៅទីតាំងវេរលុយមួយកន្លែងនៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅនេះ ។

លោកវរសេនីយ៍ទោ ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានឲ្យដឹងនៅថ្ងៃទី១៣ ខែមិថុនានេះថា ពួកគេទាំង៣នាក់ ត្រូវបាននគរបាលជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែមិថុនា នៅឯខេត្តមណ្ឌលគិរី ។

លោកអធិការបន្តថា ពួកគេមានបក្ខពួក៧នាក់ ក្នុងនោះមានស្រី១នាក់ បានធ្វើសកម្មភាពចូលលួចកាបូបលុយពីផ្ទះជនរងគ្រោះមានរបរវេរលុយ Wing យីហោ ស៊ត សិទ្ធិ នៅភូមិបុស្សលាវក្រោម ឃុំបុស្សលាវ ស្រុកចិត្របុរី ហើយលួចបានលុយខ្មែរ និងលុយដុល្លារ មួយចំនួន។

លោកអធិការបញ្ជាក់ថា ក្រោយកំណត់មុខសញ្ញារួចមក នគរបាលស្រុកចិត្របុរី បានសហការជាមួយនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនពួកគេទាំង៣នាក់នេះបាន និងក៏កំពុងស្រាវជ្រាវរកបក្សពួកគេ៤នាក់ទៀតដែលកំពុងគេចខ្លួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្តនីតិវិធី ៕

ដោយ៖សហការី


ចែករំលែក៖