ខេត្តព្រះវិហារ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរស្រ្តី និងកុមារខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រូវជាឪពុកបង្កើត បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន អាយុ១៤ឆ្នាំ បានសម្រេចនៅក្នុងចំការ កាលពី៤ខែមុន ។
យោងតាមផេករបស់ការិយាល័យប្រឆាំងការជួញដូរស្រ្តី និងកុមារ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជន អាយុក្រោម ១៥ឆ្នាំ កាលពីថ្ងៃទី មិនចាំ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨និង២០នាទីយប់ នៅចំណុចខ្ទមចម្ការរបស់ឈ្មោះ សូ នី ស្ថិតនៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ សោម សម្បត្តិ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិករ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះឈ្មោះ ព សណ អាយុ ១៤ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី