ភ្នំពេញ៖ យុវជនម្នាក់ជាកម្មករបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកថ្មម៉ាបបានបើកម៉ូតូលឿនគេចពីរថយន្ត ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន សារ៉េត អាយុ១៦ឆ្នាំ មុខរបរ ជាកម្មករដឹកថ្មម៉ាប មានទីលំនៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅធ្វើការក្នុងឃ្លាំងម្តុំស្ពានលេខ២ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជនម្នាក់ជាកម្មករបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកថ្មម៉ាបធ្វើដំណើរចេញពីស្ពានលេខ២ ឆ្ពោះទៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៦ ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង មិនស្គាល់ម៉ាកបើកបញ្ច្រាសទិសគ្នា បានបត់ឆ្វេង ស្របគ្នសពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតជិះចេញពីផ្លូវលំឡើងលើផ្លូវជាតិ ធ្វើឲ្យយុវជនបើកម៉ូតូសណ្តោងរ៉ឺម៉កខំប្រឹងគេចជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ដើម្បីពិនិត្យសាកសព និងធ្វើកំណត់ហេតុ រួចបានទាក់ទងទៅសាច់ញាតិឲ្យមកទទួលសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ