ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បង្រ្កាបទីតាំងល្បែងស៊ីសង​នៅស្រុក​កងមាស​ ឃាត់​អ្នកញៀនល្បែង១៤នាក់​បញ្ជូនទៅតុលា​ការ

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ ទីតាំង​លេងល្បែងស៊ីសងខុស​ច្បាប់បញ្ជល់មាន់​ និងលេងអាប៉ោង​ភ្នាល់ដាក់លុយនៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថិច្ច​ចុះទៅបង្ក្រាប​ និងឃាត់ខ្លួនអ្នកលេង​បាន ១៤នាក់​ ចាប់​យក​វត្ថុ​តាងមួយចំនួនធំ​មករក្សាទុក​និងត្រៀមនាំខ្លួនទៅតុលា​ការ​ចាត់ការតាមច្បាប់​ ។ 

លោកវរសេនីយ៍ឯក ថាញ់ សុខវុន  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋានខេត្តបានឱ្យ​ដឹង​ថា​ ការបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី នៅចំណុច​ភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ដែលទីតាំងខាង​លេីនេះលួចបេីកលេងល្បែងភ្នាល់ដាក់​លុយ​ខុសច្បាប់​   

លោកបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ​របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយរូបលោកផ្ទាល់​ សហការជា​មួយកម្លាំង​ជំនាញរបស់អធិការដ្ឋាននគរ​បាលស្រុកកងមាស និងអាជ្ញាធរមូល​ដ្ឋាន​ ព្រមទាំងមានការ​សម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។ 

លោកបញ្ជាក់ថា​ ជាលទ្ធផលសមត្ថកិច្ចបានបង្រ្កាបនិងធ្វេីការឃាត់ខ្លួនអ្នក​លេងល្បែងចំនួន១៤នាក់​និងដកហូតវត្ថុតាងរួមមាន៖ 

   ១-ទូរស័ព្ទដៃចំនួន១០គ្រឿង, ២-ម៉ូតូចំនួន៣៥គ្រឿង, ៣-ចានអាប៉ោងចំនួន១, ៤-កន្រ្តកដាក់មាន់ចំនួន៤, ៥-ផ្តិលជ័រចំនួន១, ៦-ហាន់តោអាប៉ោងចំនួន១, ​៧-មាន់ចំនួន៤ក្បាល, ៨-ចានជ័រធំចំនួន១,៩-ជញ្ចឹងថ្លឹងមាន់ចំនួន១, ១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន, ១១-កញ្ចក់បាំងមាន់ចំនួន១, ១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល)​ ។ 

បច្ចុប្បន្នជនសង្ស័យ រួមនិឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម​នីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអម​សាលាដំបូងខេត្តកំពង់ចាម៕​ ដោយ៖​ វណ្ណៈ


ចែករំលែក៖