អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់ និង១៧០នាក់ទៀតបានរងរបួស ខណៈដែលរថយន្តដឹកនាំហ្គាសបើកលើកំណត់ផ្លូវល្បឿនលឿនស៊ិនយ៉ាង-ហៃខូវ ស្រាប់តែផ្ទុះរួចក៏បន្តរុលចូលអាគារក្បែរនោះបណ្ដាលឲ្យមានការដួលរលំផ្ទះ និងអាគារមួយចំនួនទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅភាគខាងកើតចិនលើកំណត់ផ្លូវល្បឿនលឿនស៊ិនយ៉ាង-ហៃខូវ ក្នុងទីក្រុងវិនលីង ខេត្តជឺជាំង ប្រទេសចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ បន្ទាប់ពីផ្ទុះលើផ្លូវរថយន្តក៏បន្តរុលចូលអាគារក្បែរនោះ ដែលបណ្ដាលឲ្យមានការដួលរលំផ្ទះនិងអាគារមួយចំនួនទៀត។
អភិបាលរងទីក្រុងវិនលីង Zhu Minglian និយាយថា បុគ្គលិកសង្គ្រោះច្រើនជាង២៦៦០នាក់ កំពុងធ្វើប្រតិបត្តិការសង្គ្រោះ ដែលអមដោយរថយន្តសង្គ្រោះ១៥១គ្រឿង ក៏ដូចជាគ្រឿងចក្រធុនធ្ងន់ និងគ្រឿងបរិក្ខារជាង៣០មុខទៀត។
អភិបាលរងដដែលនេះ បញ្ជាក់ថា បុគ្គលិកសុខាភិបាលច្រើនជាង៦៣០នាក់ត្រូវបានកោះហៅដើម្បីព្យាបាលអ្នករងគ្រោះ ខណៈអាជ្ញាធរក៏បានត្រួតពិនិត្យកម្រិតបំពុលខ្យល់ដែលកើតចេញពីហេតុការណ៍នេះដែរ ប៉ុន្តែមិនមានការបំពុលអ្វីទេ។
សូមជម្រាបថា អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនានេះថា អ្នកស្លាប់បានកើនដល់១៩នាក់ ហើយអ្នករបួសមាន១៧២នាក់ ក្នុងនោះ២៤នាក់របួសធ្ងន់។ ខណៈការសង្គ្រោះកំពុងធ្វើអាជ្ញាធរចិនក៏បើកការស៊ើបអង្កេតលើករណីផ្ទុះនេះដែរ៕ដោយ៖ស តារា