ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗខណៈដែលស្ត្រីម្នាក់សង្ស័យខ្យល់គរស្លាប់លើអង្រឹងបន្ទាប់ពីគាត់បានផឹកស្រាស្រវឹងរួចសំងំដេកលើអង្រឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ខ្វាន់ កោត អាយុ៥៣ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីមេភូមិសមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្ររួមជាមួយគ្រូពេទ្យជំនាញបានមកពិនិត្យសពជាងមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ ខណៈស្ត្រីខាងលើផឹកស្រាស្រវឹងជាប្រចាំនិងមិនសូវហូបបាយឡើយ។
តាមអ្នកភូមិបានឱ្យដឹងថា មុនការភ្ញាក់ផ្អើលស្ត្រីខាងលើស្រវឹងស្រាហើយដេកលើអង្រឹងអស់ជាច្រើនម៉ោងមិនឃើញភ្ញាក់ទើបអ្នកភូមិមានការសង្ស័យក៏ចូលទៅដាស់និងអង្រួនប៉ុន្តែមិនបម្រះនិងស្ទាបដង្ហើមច្រមុះទើបដឹងថាគាត់ខ្យល់គរស្លាប់បាត់ទៅហើយ។
សពក្រោយសមត្ថកិច្ចពិនិត្យរួចទើបប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឺម សុថាន