ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានប្រជាពលរដ្ឋចំនួន៦ខ្នងរងនូវការខូចខាតដោយខ្យល់កន្ត្រាក់នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរបានរួមគ្នាចុះជួយជួសជុលលំនៅឋានប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងឃុំចំនួន២ គឺឃុំព្រះនេត្រព្រះនិងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរងនូវការខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ 

 លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅស្រុកព្រះនេត្រព្រះមានភ្លៀងមួយមេលាយឡំជាមួយនិឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះពលរដ្ឋខូចខាតអស់ចំនួន៦ខ្នង លើឃុំចំនួន២ គឺឃុំព្រះនេត្រព្រះ ខូចខាត១ខ្នង នៅភូមិស្រះខាងកើត មានម្ចាស់ឈ្មោះ ប៉ែន ឃិញ ភេទប្រុស អាយុ៦៨ឆ្នាំ របើកដំបូលស័ង្កសីអស់ចំនួន១៥សន្លឹក ។នៅឃុំឈ្នួរមានជ័យខូចខាតអស់ចំនួន៥ខ្នង មានម្ចាស់ឈ្មោះ ១-វិញ យ៉ម ភេទស្រីអាយុ៨៥ឆ្នាំ នៅភូមិគោកពង្រ របើកដំបូលស័ង្កសីចំនួន១១សន្លឹក, ២-ឈ្មោះ ម្លិះ  ប៉ក់ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិគោកពង្រ របើកដំបូលស័ង្កសីចំនួន២២សន្លឹក, ៣-ឈ្មោះង៉ាន ជ្រូក ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២៦សន្លឹក,៤-ឈ្មោះផល ពោត ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២០សន្លឹក, ៥-ឈ្មោះរាជ  មុន្នី ភេទប្រុស អាយុ៦៧ឆ្នាំនៅភូមិគោកទ្រាស របើកដំបូលស័ង្កសីអស់ចំនួន២៥សន្លឹក។ក្នុងហេតុការណ៍បាតុភូតខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ 

 លោកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ កងកម្លាំងនគរបាលស្រុករួមសហការជាមួយកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថស្រុកនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋទាំង៦ខ្នងឡើងវិញ ដោយចំណាយអស់ស័ង្កសីសរុបចំនួន១៤៤សន្លឹក ដែលអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ៕ ដោយ៖វណ្ណា


ចែករំលែក៖