ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រាក់ សុខុននឹងចូលរួមប្រជុំពិសេសរវាងអាស៊ាននិងរុស្សីអំពីកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video-Conference) ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០​២​០ វេលាម៉ោង ១៤:០០ នាទី នៅទីស្តីការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជា​តិ។

កិច្ចប្រជុំនេះ នឹងត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូ​សន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស​សហព័ន្ធរុស្ស៊ី​ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកល និង​ពិភាក្សាអំពី​វិធីសាស្ត្រនានា ​ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ​នៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី ជាពិសេស លើវិស័យ ​សុខភាពសាធារណៈ។

កិច្ចប្រជុំតាមរយៈ​ប្រព័ន្ធ​វីដេអូនេះ ត្រូវបានរៀបចំឡើងចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហា​ប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន ហើយជម្ងឺឆ្លងកូវីដ-១៩ នេះ ទាមទារនូវការ​​ប្រយុទ្ធប្រឆាំងរួមគ្នា តាមរយៈការរួបរួមគ្នានិងសាមគ្គីភាព ដោយ​ផ្អែកទាំងស្រុងទៅលើគ្រឹះ​ពហុភាគីនិយមដែលមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង​៕

ដោយ៖ហេង សូរិយា

 


ចែករំលែក៖