អន្តរជាតិ៖ យោងតាមរាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនាម្សិលមិញនេះថា មានករណីឆ្លងCOVID-19 កើនឡើងជាថ្មី បន្ទាប់ពីខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន ៣៦ករណីនៅក្នុងទីក្រុងប៉េកាំង, ៣ករណី នៅខេត្តផ្សេងទៀត និង ១៩ករណីគឺជាអ្នកដែលត្រលប់មកពីបរទេស។ ហើយអាជ្ញាធរក្រុងប៉េកាំង បានគ្រោងធ្វើតេស្តលើប្រជាជនចិនជាច្រើនម៉ឺននាក់ ដើម្បីពិនិត្យរកមើលជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19)។
ពាក់ព័ន្ធបញ្ហានេះ បានបង្កឲ្យចិនមានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចធ្វើឲ្យប្រទេសមួយនេះ ផ្ទុះ COVID-19 សារជាថ្មី។ ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19 មន្ត្រីចិន បានលើកឡើងថា ពួកគេ បានគ្រោងធ្វើតេស្តលើប្រជាជនចំនួន ៤៦០០០នាក់ នៅក្នុងតំបន់ជុំវិញផ្សារ។ ស្ថានីយធ្វើតេស្តCOVID-19 ចំនួន ២៤ ក៏ត្រូវបានគេរៀបចំរួចរាល់ដែរ។ ដោយករណីឆ្លងនៅក្នុងទីក្រុងប៉េកាំងនេះ អាជ្ញាធរចិន បានអះអាងថា គឺទាក់ទងនឹងផ្សារXinfadi ទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
តាមរយៈការសង្កេតរបស់អាជ្ញាធរ បន្ទាប់ពីមានករណីឆ្លងជាច្រើនករណីនេះវីរុសថ្មីនេះ ត្រូវបានគេរកឃើញមាននៅលើជ្រុញវះសាច់ត្រីសាម៉ុន។ អាជ្ញាធរទីក្រុងប៉េកាំង ក៏បានបញ្ជាឲ្យមានការត្រួតពិនិត្យលើសាច់ក្លាសេ និងសាច់ស្រស់ បក្សី ត្រី នៅក្នុងផ្សារទំនើប កន្លែងស្តុក និងកន្លែងសម្រាប់ដាក់សាច់ជាដើម។
សូមជម្រាបថា ចិនមានករណីឆ្លងCOVID-19 សរុបចំនួន ៨៣១៨១ករណីអ្នកស្លាប់ ៤៦៣៤នាក់ និងអ្នកជាសះស្បើយចំនួន ៧៨៣៧០នាក់៕ដោយ៖ស តារា