ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបានធ្វើការចាប់ខ្លួននារីជាជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀននិងដកហូតថ្នាំញៀនចំនួន៦កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤៖០០នាទី ត្រង់ចំណុចស្ថានីយក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ សៀក រស្មី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៦កញ្ចប់ ក្នុងនោះ ធំ២កញ្ចប់ , តូច៤កញ្ចប់ និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន១គ្រឿង, កាបូបស្ពាយពណ៌ ឈាមជ្រូកចំនួន១ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានទទួលព័ត៌មានច្បាស់ការណ៍ថា មានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះដល់កន្លែងកើតហេតុប្រទះឃើញនារីសង្ស័យខាងលើ រួចត្រួតពិនិត្យឆែកឆេរនៅក្នុងកាបូបស្ពាយរបស់ឈ្មោះ សៀក រស្មី នេះប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់ ក្នុងនោះធំ២កញ្ចប់ និងតូច៤កញ្ចប់ ទើបឈានដល់ឃាត់ខ្លួននារីសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះសៀក រស្មី បានសារភាពថាគ្រឿងញៀនខាងលើខ្លួនបានទិញពីជនម្នាក់ ក្នុងតម្លៃ៣៥០,០០០រៀល ដើម្បីរំលែកលក់បន្តក្នុងមួយកញ្ចប់តូចតម្លៃ២០,០០០រៀល ។
បច្ចុប្បន្ននារីសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីអនុវត្ដតាមនីតិវីធីច្បាប់៕ ស្អាងជ័យ