ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃទី១៥ ខែមិថុនាថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ មានរហូតដល់ទៅ១.០១៧ នាក់និងស្លាប់៦៤នាក់ ។ នេះជាចំនួនឆ្លងនិងស្លាប់ច្រើនជាងគេបំផុតចាប់តាំងពីកូវីដ-១៩ ផ្ទុះឡើងនៅក្នុងប្រទេសនេះ។
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនឡើង ដល់ទៅ ៣៩.២៩៤ នាក់ និងស្លាប់សរុប ២.១៩៨ នាក់ ចំណែកអ្នកជាសះស្បើយ មាន១៥.១២៣នាក់ផងដែរ ។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីចាប់ផ្តើមបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩។ អ្នកនាំពាក្យកម្លាំងប៉ូលិសទីក្រុងចាការតា លោកYusri Yunus បានប្រកាសឲ្យដឹងថា កម្លាំងប៉ូលិសប្រមាណ២.៧០០នាក់ បានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ក្នុងនោះមាន ផ្សារទំនើបក្នុងរដ្ឋធានីចាការតានិងទីក្រុងផ្កាយរណប៤ផ្សេងទៀត នៅថ្ងៃទី១៤ ខែមិថុនាដើម្បីត្រួតពិនិត្យ ការគោរពច្បាប់របស់ពលរដ្ឋ ស្តីពីសុវត្ថិភាព និងគម្លាតពីគ្នាបញ្ចៀសការឆ្លងកូវីដ-១៩។
បើទោះបីមានករណីឆ្លងកើនឡើងប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ីនៅតែសម្រេចបន្ថយការរឹតត្បិតបើកទ្វារសេដ្ឋកិច្ចជាតិឡើងវិញ ។ ជាមួយគ្នានេះប្រទេសជាច្រើនក្នុងតំបន់ ក៏បានសម្រេចបើកទ្វារដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដែរ ប៉ុន្តែ បន្តបិទព្រំដែនដដែល ៕ដោយ៖ធី រីណា