ព័ត៌មានទាន់ហេតុការណ៍៖

ទាហានមហាអំណាចបរមាណូទាំងពីរនៅអាស៊ី ឥណ្ឌា-ចិន ប្រើកម្លាំងបាយ ប្រយុទ្ធគ្នា ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

សារព័ត៌មាន Foxnews ផ្សាយកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា៖ កម្លាំងទាហានឥណ្ឌា និង ចិន បានប៉ះទង្គិចគ្នាយ៉ាងសាហាវកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ និងរបួសជាច្រើន។
ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ព្រំដែន Ladakh នេះ គឺជាការប៉ះទង្គិចយ៉ាងសាហាវបំផុតរវាងឥណ្ឌា និងចិនមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៧៥មក។ ការប៉ះទង្គិចគ្នាខាងលើ មិនបានប្រើកាំភ្លើងនោះឡើយ គឺជាការប្រយុទ្ធគ្នានោះធ្វើឡើងដោយការប្រើដុំថ្ម និងកណ្តាប់ដៃប៉ុណ្ណោះ។

ពេលដំបូងទាហានឥណ្ឌា ៣នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ប៉ុន្តែក្រោយមកបានរាយការណ៍ថា“ កងទ័ពឥណ្ឌា ១៧ នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងជួរកាតព្វកិច្ច នៅទីតាំងឈរជើង ហើយប្រឈមនឹងសីតុណ្ហភាពក្រោមសូន្យអង្សាសេ ក៏បានស្លាប់បន្ថែមទៀត ។
ចំណែក ភាគីចិនវិញ មិនបានរាយការណ៍ពីការស្លាប់ណាមួយពីហេតុការណ៍នេះទេ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកចាវ លីជៀន (Zhao Lijian) បានផ្តល់ព័ត៌មានលម្អិតតិចតួច ប៉ុន្តែបានចោទប្រកាន់កងកម្លាំងឥណ្ឌាថា បានធ្វើការវាយប្រហារបង្កហេតុមុន។
កងកំលាំងឥណ្ឌា និងចិនបានស្ថិតក្នុងការប្រឈមមុខដាក់គ្នារយៈពេលមួយខែ ជុំវិញទឹកដីដែលមានជម្លោះ ។
ប្រទេសចិនទាមទារទឹកដីប្រមាណ ៣៥.០០០ ម៉ាយល៍ (ប្រហែល ៥៦ ៣២៧ គីឡូម៉ែត្រ) នៅភាគឦសាននៃប្រទេសឥណ្ឌា រីឯឥណ្ឌាវិញ ក៏បានអះអាងដែរថា ប្រទេសចិនបានកាន់កាប់ទឹកដីប្រមាណ ១៥.០០០ ម៉ាយល៍ (ប្រហែល ២៤ ១៤០ គីឡូម៉ែត្រ ) នៅតំបន់ខ្ពង់រាប Aksai Chin ជាតំបន់មួយដែលឥណ្ឌានិយាយថា ជាផ្នែកមួយនៃតំបន់ Ladakhរបស់ខ្លួន ។

ទាហានចិន និងឥណ្ឌាបានប្រឈមមុខដាក់គ្នាអស់រយៈពេលជាងមួយខែនៅតាមបណ្តោយបន្ទាត់ត្រួតត្រាជាក់ស្តែង ជាង ២.០០០ ម៉ាយ (ប្រហែល ៣២១៨ គីឡូម៉ែត្រ) – ព្រំដែនដែលបានបង្កើតឡើងរវាងឥណ្ឌា និងចិនក្នុងឆ្នាំ ១៩៦២ បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ ។
មន្ត្រីចិនបាននិយាយថា ពួកគេបានប្តេជ្ញាចិត្តដើម្បីធានានូវសន្តិភាព និងភាពស្ងប់ស្ងាត់ ប៉ុន្តែបានស្តីបន្ទោសចំពោះការបង្កទំនាស់នេះទៅលើទាហានឥណ្ឌា ៕ដោយ៖ធី រីណា


ចែករំលែក៖