អន្តរជាតិ៖ អាជ្ញាធរអូស្រ្តាលីប្រកាសថា អ្នកដំណើរបរទេសណាដែលមកដល់រដ្ឋឃ្វីនស៍ឡែន (Queensland) ប្រទេសរបស់ខ្លួននឹងតម្រូវឲ្យបង់ប្រាក់ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល ១៤ថ្ងៃប្រមាណ ២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ១,៩០០ដុល្លារអាមេរិកដោយចាប់ពីថ្ងៃទី០១ ខែកក្កដា ខាងមុខនេះតទៅ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ខែមិថុនា ឆ្នាំ២០២០ថា ឃ្វីនស៍ឡែន ជារដ្ឋដំបូងបង្អស់របស់អូស្ត្រាលី ដែលទាមទារឲ្យអ្នកដំណើរមកពីបរទេស បង់លុយថ្លៃសណ្ឋាគារ តាំងពីការដាក់ចេញវិធាន ដើម្បីទប់ស្កាត់ការចម្លង COVID-19 កាលពីចុងខែមីនាកន្លងទៅ។
បើតាមក្រុមមន្ត្រីអូស្រ្តាលី បានបញ្ជាក់ថា គោលការណ៍បង់ថ្លៃរួមមាន៖ ទី១, ប្រាក់ចំនួន ២,៨០០ ដុល្លារអូស្ត្រាលីសំរាប់មនុស្សពេញវ័យ ។ ទី២,ប្រាក់ចំនួន ៣,៧១០ ដុល្លារអូស្ត្រាលីសំរាប់អ្នកមានគូ ។ ទី៣, ប្រាក់ចំនួន៤,៦២០ ដុល្លារអូស្ត្រាលីសំរាប់ក្រុមគ្រួសារ ។
គួរបញ្ជាក់ថា អ្នកដំណើរមកពីបរទេស មិនត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនោះទេ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក នៅកន្លែងដែលបានកំណត់ដោយដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19។ប៉ុន្តែអ្នកដំណើរណាដែលអាចបង្ហាញភស្តុតាងថា បានកត់សំបុត្រយន្តហោះមុនយប់ថ្ងៃទី១៧ ខែមិថុនា និងត្រូវលើកលែងពីវិធានការថ្មីនេះ។
មុនវិធានការថ្មីនេះ ការបង់ថ្លៃការធ្វើចត្តាឡីស័ក គឺជាបន្ទុករបស់អ្នកបង់ពន្ធនៃរដ្ឋឃ្វីនស៍ឡែន ដែលបានចំណាយ ១៩លានដុល្លារអូស្ត្រាលី(ប្រហែលជា១៣.១១លានដុល្លារអាមេរិក) ហើយរំពឹងថានឹងចំណាយ ២៤លានដុល្លារអូស្ត្រាលី (ប្រហែលជា ១៦.៥៦លានដុល្លារអាមេរិក) មុនពេលវិធានការថ្មីចូលជាធរមាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕ដោយ៖ស តារា