ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក លីវ សេងហ៊ីម អភិបាលនៃគណៈភិបាលស្រុកក្រគរ បានដឹកនាំដឹកកម្លាំងចម្រុះរួមមាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន ២៧នាក់ យោធាកងពលតូចអន្តរាគមន៍លេខ១៤ ប្រមាណ ៣៧នាក់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរប្រមាណ ៦នាក់ និងប្រជាការពារភូមិ.ឃុំអន្សាចំបក់១០នាក់ បានចុះពិនិត្យការទីតាំងកន្លែងរុករានទន្រ្ទានឈូសឆាយកាន់កាប់ដី សជណ របស់គណៈរដ្ឋមន្រ្តី(ដីសម្បទានសង្គមកិច្ច)ដោយខុសច្បាប់ តែត្រូវ បានរារាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ដោយសារមានព្រំប្រទល់ជាប់គ្នា។
ប្រភពព័ត៌មានពីកម្លាំងចម្រុះបានឲ្យដឹងថា ករណីពលរដ្ឋរារាំងកម្លាំងចម្រុះស្រុកក្រគរ មិនឲ្យចុះពិនិត្យដី(សជណ.សម្បទានសង្គមកិច្ច)ខាងលើកើតឡើងនៅ ត្រង់ចំណុចទួលពង្រ.អន្លង់ក្រពើ និងស្មាច់ម្រាម(ជាប់ព្រំទល់ខេត្តកំពង់ឆ្នាំង) ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបន្តថា ដើម្បីរកដំណោះស្រាយរវាងរដ្ឋបាលស្រុកក្រគរ ពាក់ព័ន្ធដី(សជណ.សម្បទានសង្គមកិច្ច)នេះ មានវត្តមានលោកអភិបាលរងស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ដោយលោកស្នើសុំឲ្យលោក អភិបាលស្រុកក្រគរផ្អាកការងារនេះដោយរង់ចាំធ្វើការដោះស្រាយពីថ្នាក់លើសិន។ ខណៈនោះលោកអភិបាលស្រុកក្រគរបានតបថា មិនអាចផ្អាកបានទេព្រោះដី(សជណ.សម្បទានសង្គមកិច្ច)នេះឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ យ៉ាងណាការរកដំណោះស្រាយនាពេលនេះពុំបានលទ្ធផលនោះទេ ព្រោះអាជ្ញាធរ និងពលរដ្ឋខាងខេត្តកំពង់ឆ្នាំងហាក់បីដូចស្ដាប់គ្នាពុំបាន បើទោះបីជាពួកគាត់ដឹងខ្លួនឯងថា កំពុងរុនរានទន្រ្ទានដី(សជណ.សម្បទានសង្គមកិច្ចរបស់រដ្ឋ) និងបំពានសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១០ ក៏ដោយ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីលោក អភិបាលស្រុកក្រគរ សម្រេចដកកម្លាំងចូលទៅអង្គភាពរៀងៗខ្លួនវិញ រង់ចាំការដោះស្រាយបន្តពីថ្នាក់លើ ៕ ដោយ៖ ប៉ឹម ពិន