ចិន៖ នៅថ្ងៃទី២៣ ខែមិថុនា ចិនបានបាញ់បង្ហោះផ្ការណបកំណត់គោលដៅបានទទួលជោគជ័យ ដោយប្រើកាំជ្រួចមីស៊ីល Long March-3B ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី ។
សារព័ត៌មានស៊ីនហួបានផ្សាយថា ផ្កាយរណប BDS បានបាញ់បង្ហោះនៅវេលាម៉ោង ៩ និង៤៣នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា (ម៉ោងក្នុងតំបន់)។ នេះជាផ្កាយរណបទី៥៥ហើយរបស់ចិន ស្ថិតនៅក្នុងក្រុមផ្កាយរណបកំណត់គោលដៅ ។ ការបញ្ជូនផ្កាយរណបទាំងអស់គឺប្រើប្រាស់ មីស៊ីល Long March-3B ។ នេះជាជោគជ័យថ្មីបន្ថែមទៀតរបស់ចិនក្នុងវិស័យអវកាស ដែលជាគូប្រជែងរបស់អាមេរិក ។
តាមគម្រោងចិនត្រូវបាញ់បង្ហោះ ផ្កាយរណបតាំងពីសប្តាហ៍កន្លងមក ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេសទើបពន្យារពេល។ បញ្ហាដែលត្រូវពន្យារពេលគឺដោយសារតែមីស៊ីល Long March-3B ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនផ្កាយរណប BDS-3 ត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានបញ្ហាបច្ចេកទេសអំឡុងពេលធ្វើតេស្តសាកល្បង មុនការបាញ់បង្ហោះ។
កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសចិនបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ហើយវានឹងត្រូវចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរណ៍នៅតាមដែនសមុទ្រផងដែរ៕ដោយ៖ធី រីណា