កម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានរុះរើឧបករណ៍បំពងសំឡេង ដែលទើបតែដំឡើងនៅព្រំដែនចំនួន២០កន្លែងនៅជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន បញ្ជាឲ្យកម្លាំងយោធាផ្អាករាល់សកម្មភាពប្រឆាំងនិងទីក្រុងសេអ៊ូល។
កាលពីពេលថ្មីៗនេះកូរ៉េខាងជើង បានដំឡើងឧបករណ៍បំពងសំឡេងដល់ទៅ២០កន្លែងជាប់ព្រំដែន និងគំរាមកំហែងធ្វើសកម្មភាពយោធាជាមួយប្រទេសដែលកូរ៉េខាងជើង ហៅថាជាសត្រូវនោះ។ សកម្មភាពកើតឡើងក្រោយពេលដែលកូរ៉េខាងជើងចោទប្រកាន់ទីក្រុងសេអ៊ូលថាមិនអាចទប់ស្កាត់ក្រុមអ្នកភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដែលបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឧបករណ៍បំពងសំឡេងចំនួន១០នៅជិតតំបន់Cheorwon បានរុះរើយកចេញទៅបាត់ទាំងព្រឹក។ សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកគីម ជុងអ៊ុន ជួបប្រជុំថ្នាក់ដឹកនាំមន្ត្រីយោធា និងគណបក្សពលករកូរ៉េខាងជើង ។
សកម្មភាពខាងលើរបស់កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំប្រទេសទាំងពីរ នៅតែរក្សាបានល្អដដែល មិនមានអ្វីប្រែប្រួលនោះឡើយ។ ក្រុមជ្រុលនិយមក៏មិនអាចបំបែកបំបាកទំនាក់ទំនងនោះបានដែរ ៕ដោយ៖ធី រីណា