ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនស្នើដល់សភាពាណិជ្ជកម្មកម្ពុជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្តមួយនេះ ដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពីសក្តានុពលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនឯកជននានាដែលមានបំណងមកធ្វើការវិនិយោគ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានស្នើដល់សភាពាណិជ្ជកម្មកម្ពុជាមេត្តាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្តដើម្បីជំរុញឱកាសវិនិយោគរបស់ក្រុមហ៊ុននិងដៃគូសហការនានា។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោ សែន ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងបានកសាងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រឡាយទឹក មានគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសបានបើកចំហជើងមេឃឱ្យអ្នកវិនិយោគមកពីគ្រប់ទិសទី ចូលរួមកសាងខឿនសេដ្ឋកិច្ចជាតិឱ្យ កាន់តែប្រសើរឡើង ដែលជាហេតុធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ ឡើងជាលំដាប់ពី១ថ្ងៃទៅ១ថ្ងៃ។

លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ខេត្តប៉ៃលិនបច្ចុប្បន្នមានសក្តានុពលជាច្រើននៅមិនទាន់មានការអភិវឌ្ឍ និងធ្វើការវិនិយោគនៅឡើយ ដូច្នេះ លោកសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នៅខេត្តប៉ៃលិននាឱកាសនេះ នឹងលេចឡើងនូវផ្លែផ្កាសម្រាប់ការវិនិយោគនាពេលអនាគត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត។

ជាការឆ្លើយតបលោក ឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈប្រតិភូបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូ គឺបានមើលឃើញពីសក្តានុពលសំខាន់ៗរបស់ខេត្តប៉ៃលិន ដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម ការកែច្នៃកសិ-ឧស្សាហកម្ម ការដឹកជញ្ជូនទំនិញនិងតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃ ជាដើម ដែលជាឱកាសសម្រាប់ក្រុមហ៊ុននិងដៃគូសហការធ្វើការវិនិយោគដើម្បីសំដៅលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការពង្រីកការវិនិយោគក្នុងតំបន់ ក៍ដូចថ្នាក់ជាតិទាំងមូល ឆ្ពោះទៅរកការបង្កើនការអភិវឌ្ឍឱ្យក្លាយជាខេត្តមួយមានមុខមាត់។

លោកឧកញ៉ាប្រធានប្រតិភូបានមាន ប្រសាសន៍បញ្ជាក់ថា ជាការណ៍ពិតណាស់វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់សំរាប់ខេត្តទាំងមូលក្នុងការចូលរួមគ្រប់សកម្មភាព ដែលរដ្ឋបាលខេត្ត កំពុងអភិវឌ្ឍន៍ ជាពិសេសជួយសម្រួលដល់ពលរដ្ធទាំងអស់ឱ្យមានការងារធ្វើ បង្កើននូវជីវភាពរស់នៅប្រចាំថ្ងៃ។ ដូច្នេះរដ្ឋបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គាំទ្រ និងការពាររាល់អ្វីដែលក្រុមហ៊ុនឯកជននានាចង់មកធ្វើការវិនិយោគនៅខេត្ត  ដោយជួយសម្របសម្រួលរាល់បញ្ហាដែលមានឡើង ដើម្បីបង្កលក្ខណៈរៀបចំគម្រោង និងផែនការ ឱ្យបានទទួលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា នៅក្នុងឱកាសបំពេញបេសកកម្មនៅខេត្តប៉ៃលិនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញទស្សនកិច្ចទីតាំងមួយចំនួនក្នុងខេត្ត ដូចជា៖ ១-តំបន់ទេសចរណ៍នានាក្នុងខេត្ត, ២-ទស្សនាសមាគមមៀនប៉ៃលិន និងសៃឡូឬស្តង់ប្រមូលទិញកសិផល, ៣-ទស្សនាចម្ការផ្លែឈើ និង៤-ទស្សនាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃ៕ ដោយ៖ស សារ៉េត


ចែករំលែក៖