ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់ដោយ សារត្រូវចរន្តអគ្គិសនីឆក់នៅក្រោមផ្ទះរបស់ខ្លួន ដែលការស្លាប់នេះទំនងជាខឹង នឹងចោរចូលលួចយកទ្រព្យគាត់ជាញឹកញាប់ពេកទេីបរាយខ្សែលួសមានចរន្តអគ្គិសនីព័ទ្ធក្រោមផ្ទះ ដេីម្បីរក្សាការពារទ្រព្យសម្បត្តិ ប៉ុន្តែគាត់ភ្លេចគិតពេលចុះមកបត់ជើងតូចគាត់ធ្វេីឱ្យប៉ះខ្សែលួសដែលមានចរន្តបអគ្គិសនីធ្វើឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោងប្រមាណ៤ និង៣០នាទី ស្ថិតនៅ ចំណុចភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ឈ្មោះតន់ ជា អាយុ៧៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីផ្អេីលមានករណីខាងលេីនេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវកន្លែងកើតហេតុ និងសពជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ព្រោះមូលហេតុយកខ្សែលួសតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួនឯងដើម្បីការពារមិនឱ្យចោរចូលលួចទ្រព្យសម្បត្តិ តែភ្លាត់ស្នៀតភ្លេចខ្លួនងើបពីដេកចុះដើរមកក្រោមផ្ទះ ក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកេីតហេតុ រកឃេីញសរសៃលួសខ្សែភ្លើង ពណ៌ទង់ដែងព័ទ្ធជុំវិញជើងសសរផ្ទះចំហៀងខាងត្បូង ដែលជនរងគ្រោះដាក់រាយដេីម្បីការពាររក្សាទ្រព្យសម្បត្តិរបស់គាត់ខ្លាចចោរលួច ។
ក្រោយធ្វើកំណត់ហេតុចប់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ