ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ ៖ ជញ្ជាំងព្រំដែនអាចការពារបានទាំងកូវីដ-១៩

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដើម្បីត្រួតពិនិត្យមើលស្នាដៃរបស់លោក ក្នុងការសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកពីប្រទេសម៉ិចស៊ីកូ ។ លោកត្រាំបានប្រកាសថា ជញ្ជាំងនោះមិនត្រឹមតែទប់ស្កាត់ជនភៀសខ្លួនឡើយ គឺអាចរារាំងការឆ្លងរាលដាលកូវីដ​-១៩ទៀតផង​។
លោកត្រាំបានបញ្ជាក់ថា «ជញ្ជាំងនេះ​អាចទប់ស្កាត់បានគ្រប់យ៉ាង ទាំងកូវីដ​-១៩ »។ នៅក្នុងដំណើរត្រួតពិនិត្យតាមព្រំដែនជាមួយអភិបាលរដ្ឋArizona លោក Doug Ducey និងមន្ត្រីជាច្រើនរូបទៀត ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា «ព្រំដែនរបស់យើង​មិនដែលមានការធានាដូចជាពេលនេះឡើយ»​។
សារព័ត៌មាន​Al Jazeera នៅថ្ងៃទី​២៤ខែមិថុនា បានផ្សាយថា លោកត្រាំ ទៅកាន់ព្រំដែន គឺដើម្បីផ្តោតទៅលើបញ្ហា​ដែលលោកអាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ​២០២០។
ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូគឺជាអ្វីដែលលោកត្រាំបានសន្យាពេលឃោសនាបោះឆ្នោតនៅឆ្នាំ២០១៦ ហើយពេលនេះលោកបានអនុវត្តវាដោយជោគជ័យ។ ទាំងនោះហើយគឺជាសារសំខាន់មួយ​ដែលលោក ត្រូវយកមកអូសទាញអ្នកគាំទ្របន្តបោះឆ្នោតឲ្យលោកនាពេលខាងមុខ​។ រដ្ឋាភិបាលអាមេរិក បានចំណាយប្រាក់​៦,១ពាន់លានដុល្លារ​ដើម្បីសាងសង់ជញ្ជាំងព្រំដែននៅខែមេសាឆ្នាំ​២០១៩៕ដោយ៖ធី រីណា


ចែករំលែក៖