ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដើម្បីត្រួតពិនិត្យមើលស្នាដៃរបស់លោក ក្នុងការសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកពីប្រទេសម៉ិចស៊ីកូ ។ លោកត្រាំបានប្រកាសថា ជញ្ជាំងនោះមិនត្រឹមតែទប់ស្កាត់ជនភៀសខ្លួនឡើយ គឺអាចរារាំងការឆ្លងរាលដាលកូវីដ-១៩ទៀតផង។
លោកត្រាំបានបញ្ជាក់ថា «ជញ្ជាំងនេះអាចទប់ស្កាត់បានគ្រប់យ៉ាង ទាំងកូវីដ-១៩ »។ នៅក្នុងដំណើរត្រួតពិនិត្យតាមព្រំដែនជាមួយអភិបាលរដ្ឋArizona លោក Doug Ducey និងមន្ត្រីជាច្រើនរូបទៀត ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា «ព្រំដែនរបស់យើងមិនដែលមានការធានាដូចជាពេលនេះឡើយ»។
សារព័ត៌មានAl Jazeera នៅថ្ងៃទី២៤ខែមិថុនា បានផ្សាយថា លោកត្រាំ ទៅកាន់ព្រំដែន គឺដើម្បីផ្តោតទៅលើបញ្ហាដែលលោកអាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០។
ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូគឺជាអ្វីដែលលោកត្រាំបានសន្យាពេលឃោសនាបោះឆ្នោតនៅឆ្នាំ២០១៦ ហើយពេលនេះលោកបានអនុវត្តវាដោយជោគជ័យ។ ទាំងនោះហើយគឺជាសារសំខាន់មួយដែលលោក ត្រូវយកមកអូសទាញអ្នកគាំទ្របន្តបោះឆ្នោតឲ្យលោកនាពេលខាងមុខ។ រដ្ឋាភិបាលអាមេរិក បានចំណាយប្រាក់៦,១ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងព្រំដែននៅខែមេសាឆ្នាំ២០១៩៕ដោយ៖ធី រីណា