ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ២១ខ្នងនៅស្រុកចំនួន៣ត្រូវដួលរលំនិងរបើកដំបូលនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងះយ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២១ខ្នងនៅស្រុកចំនួន៣ត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងខ្យល់កន្ត្រាក់ប៉ុន្តែមិនបណ្ដាលអោយមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៨ទៅ៩យប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ នៅស្រុកស្វាយទាប ស្រុករំដួលនិងស្រុករមាសហែក។

យោងតាមអាជ្ញាធរខេត្តបានអោយដឹងថាកាលពីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០នៅចំនុចភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំផ្ទះចំនួន០១ខ្នង (ផ្ទះតៀម)ធ្វើពីឈើដំបូលស័ង្កសី ជញ្ជាំងស័ង្កសីទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រដោយ ម្ចាស់មានឈ្មោះ ប្រាក់ សង្ហា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ និងខូចខាតសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

ចំណែកនៅភូមិឆ្អឹងពោះឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងមានករណីភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់បណ្តាលអោយរបើកដំបូលសង្ក័សីផ្ទះមានម្ចាស់ឈ្មោះពុំ ដានីភេទប្រុសអាយុ៣៨ឆ្នាំបណ្ដាលអោយដំបូលស័ង្កសីទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រនិងបែកពាងទឹកមួយ។

ប្រភពបន្តថារីឯស្រុករមាសហែកមានភ្លៀងខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋដួលរលំនិងរបើកដំបូលចំនួន១៩ខ្នងផ្ទះមាន

ភូមិដងក្តារមាន៥ខ្នងផ្ទះ ភូមិចុងព្រៃ ១៤ខ្នងផ្ទះ។

ក្នុងករណីភ្លៀងខ្យល់កន្ត្រាក់នេះមិនបណ្ដាលអោយមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេខណៈមានផ្គរភ្លៀងរន្ទះសូមបងប្អូនប្រជាពលរដ្ឋប្រញាប់ប្រញាលរត់រកទីទួលសុវត្តិភាព ៕

ដោយ៖យឹមសុថាន


ចែករំលែក៖