អន្តរជាតិ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា មានករណីខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនមួយស្ថិតក្នុងទីក្រុងស្ព្រីងហ្វៀល (Springfield) នៃរដ្ឋអ៉ីលីណយស៍ (Illinois) បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ប៉ុន្តែក្រោយហេតុការណ៍នោះ ប៉ូលិសបានប្រដេញតាមដល់សង្កាត់ដែលស្ថិតនៅជាប់គ្នានោះ ក៏ប្រទះឃើញខ្មាន់កាំភ្លើងនោះដេកស្លាប់ក្នុងរថយន្ត ដែលទំនងជាការបាញ់សម្លាប់ខ្លួន ព្រោះមានកាំភ្លើងខ្លីពីរដើមនៅលើខ្លួនជនសង្ស័យ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយទៀតថា ជនសង្ស័យខាងលើនេះមានឈ្មោះថា ម៉ៃខឺល ខូលលីនស៍ (Michael Collins) អាយុ៤៨ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនផលិត និងចែកចាយកាហ្វេ ។ ដោយឡែកជនរងគ្រោះដែលស្លាប់នោះគឺសុទ្ធតែជាបុរស ដោយម្នាក់មានវ័យជាង ២០ឆ្នាំ និងម្នាក់ទៀតជាង ៦០ឆ្នាំ។ ចំណែកអ្នករងរបួសវិញ គឺជាស្ត្រីមានវ័យជាង៥០ឆ្នាំ។
គួរបញ្ជាក់ថា បើតាមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ជនសង្ស័យ ដែលបង្កការបាញ់ប្រហារនោះ គឺជាបុគ្គលិកធ្វើការងារជាមួយជនរងគ្រោះទាំង៣នាក់ហើយមូលហេតុដែលបង្កទៅជាការបាញ់ប្រហារ អាចមកពីការផ្ទុះជម្លោះពាក្យសម្តី៕ដោយ៖ស តារា