ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីថ្ងៃសៅរ៍​ ទី២៧​ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង២១និង៥៥នាទីយប់​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ 

     មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ឈៀង ឆុម ភេទប្រុស​ អាយុ​៤៦ឆ្នាំ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្ដាល មុខរបរ​មេជាងសំណង់ (ជាអ្នករួមដំណើរ)​ និងជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ រឿន​ ចាន់​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ​ (របួសស្រាល)​ បើកម៉ូតូម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ​1BW-7671។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ 

     ប្រភពដដែលបន្តថា  នៅមុនពេលកើតហេតុ​សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២១ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿន បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរឈ្មោះ ឈៀង ឆុម ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯអ្នកបើកបររងរបួសស្រាល។ បន្ទាប់ពីបុកម៉ូតូជនរងគ្រោះរួច រថយន្តខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។ 

    ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែងដោយសន្និដ្ឋានថា​ករណីនេះ​បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ដោយមានការធ្វេសប្រហែស ខ្ជីខ្ជា​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ ចំណែកឯរថយន្ដបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ បន្ទាប់ពិនិត្យនិងសន្និដ្ឋានចប់ សាកសព រងគ្រោះ​ត្រូវបានសម្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែករថយន្តដែលបើករត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ


ចែករំលែក៖