ខេត្តកណ្ដាល៖ កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ឈៀង ឆុម ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមេជាងសំណង់ (ជាអ្នករួមដំណើរ) និងជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ រឿន ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ (របួសស្រាល) បើកម៉ូតូម៉ាកហុងដា គុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BW-7671។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២១ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿន បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរឈ្មោះ ឈៀង ឆុម ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯអ្នកបើកបររងរបួសស្រាល។ បន្ទាប់ពីបុកម៉ូតូជនរងគ្រោះរួច រថយន្តខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែងដោយសន្និដ្ឋានថាករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ដោយមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ។ ចំណែកឯរថយន្ដបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ បន្ទាប់ពិនិត្យនិងសន្និដ្ឋានចប់ សាកសព រងគ្រោះត្រូវបានសម្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែករថយន្តដែលបើករត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ