ពិភពលោក៖តាមគេហទំព័រ Worldometers នៅថ្ងៃទី២៨ ខែមិថុនានេះបានផ្សាយថា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ជាង ១០ លាននាក់ហើយ ។ ចំណែកអ្នកស្លាប់វិញក៏បានកើនឡើងជាង៥សែននាក់ដែរ និងអ្នកជាសះស្បើយពីជំងឺ ជាង ៥,៤លាននាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិក ប្រេស៊ីល ឥណ្ឌា គឺជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបង្អស់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ៤៣.៥៥៧នាក់ថ្មី និងស្លាប់៥១២នាក់ ធ្វើឲ្យអាមេរិកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២,៥លាននាក់។
ជាមួយគ្នានេះដែរ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក(CDC )បានផ្តល់ការប៉ាន់ស្មានថា សហរដ្ឋអាមេរិក ប្រហែលអាចមានអ្នកឆ្លង COVID-19 ច្រើនជាង២០លាននាក់ គឺលើសពីតួលេខផ្លូវការដល់ទៅ១០ដងឯណោះ។
នាយកទីភ្នាក់ងារ CDC លោក Robert Redfield បានបញ្ជាក់ថា «ការប៉ាន់ស្មានប្រសើរបំផុតរបស់យើងនាពេលបច្ចុប្បន្ន គឺថា រាល់មួយករណីដែលត្រូវបានរាយការណ៍ តាមពិតមានដល់ទៅ១០ករណីឯណោះ»។ ប្រការនេះមានន័យថា ករណីឆ្លងពិតប្រាកដ គឺទំនងជាច្រើនជាង២០លាននាក់ ខណៈគិតត្រឹមពេលនេះ តួលេខករណីឆ្លងផ្លូវការនៅសហរដ្ឋអាមេរិក គឺជាង២.៥លាននាក់»៕ដោយ៖ធី រីណា