ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថកំពង់ឆ្នាំងបំបែកសំណុំរឿងស្រ្តីម្នាក់ស្លាប់ក្នុងពំនូកភ្លើងឃាត់ខ្លួនមេភូមិម្នាក់ជាជនដៃដល់

ចែករំលែក៖

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ជាមេភូមិត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថា ជនសង្ស័យបានពាក់ព័ន្ធនិងករណីធ្វើអោយស្រ្តីម្នាក់បានស្លាប់កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចំការដែលមានស្នាមឆេះសាកសព។  ការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

  លោក អនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់នៅថ្ងៃទី២៨ មិថុនា នេះថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននេះ មានឈ្មោះ ញេប សុខុម ភេទប្រុស អាយ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល។ ជនរងគ្រោះឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។

  លោក អនុសេនីយត្រី ប៊ុត ធឿន បានប្រាប់អោយដឹងទៀតថា តាមការចង្អុលបង្ហាញ លោកឧត្តមសេនីយ៍សាក់ សារ៉ាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង សហការជាមួយនិងស្ថាប័នអយ្យការ បានធ្វើការរៀបចំកម្លាំងស្រាវជ្រាវតាមនីតិវិធី និង ឈានទៅឃាត់ខ្លួនមេភូមិ ញេប សុខុមនេះតែតម្តង ។

  លោកនាយការិយាល័យបានប្រាប់អោយដឹងថា ថាតាមការស្រាវជ្រាវ ជនសង្ស័យនិងជនរងគ្រោះធ្លាប់ទំនាក់ទំនងស្នេហារជាមួយគ្នាអស់រយៈពេលជា៤ទៅ៥ឆ្នាំមកហើយ នៅថ្ងៃកើតហេតុ ក្នុងភូមិមានពិធីភ្ជាប់ ខាងស្រីបានមកពិធីភ្ជាប់ពាក្យហើយបានផឹកស្រាបៀខ្លះដែរ ក្រោយពីចប់ពិធីភ្ជាប់ពាក្យជនរងគ្រោះបានជិះម៉ូតូទៅចំណុចស្រែណីមុន រួចបានទូរស័ព្ទមកជនសង្ស័យ និងបានជួបគ្នានៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ។ ក្រោយពីបានជួបគ្នា ជនសង្ស័យនិងជនរងគ្រោះបានរួមមេត្រីគ្នា រហូតដល់ស្រ្តីរងគ្រោះលេងកំរើកដាច់ខ្យល់ស្លាប់ ។

ក្រោយពីដឹងថាជនរងគ្រោះស្លាប់ ជនសង្ស័យភ័យមិនដឹងធ្វើយ៉ាងម៉េច គាត់បានយកសពស្រ្តីរងគ្រោះមកដាក់នៅក្នុងខ្ទមរួចយកអង្កាម  ក្តាឈើ និងស្លឹកត្នោតគ្របពីលើរួចយកដែកកេះដុតចោល រួចជិះម៉ូតូទៅផ្ទះបាត់តែម្តង ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដឹកនាំកម្លាំង ដោយលោកវរសេនីយទោរ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង លោក អនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី២៧ ខែមិថុនា តែម្តង ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុហត្ថខេត្តកំពង់ឆ្នាំង ជនសង្ស័យបានសារភាពខ្លួនពិតជាបានធ្វើសម្មភាពទាំងនេះពិតប្រាកដមែន នៅពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ដោយ៖ចន្ថា


ចែករំលែក៖