ព័ត៌មានទាន់ហេតុការណ៍៖

Messi​ រកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ខ្លួន និងរកបាន៦៣០គ្រាប់ ក្នុងក្លឹប Barcelona

ចែករំលែក៖

 កីឡាករ Lionel Messi បានរកគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ខ្លួនជាមួយនឹងការពិន័យបាល់ប៉េណាល់ទីក្នុងការប្រកួតពានរង្វាន់ La Liga របស់ Barcelona ជាមួយ Atletico Madrid កាលពីថ្ងៃអង្គារ ក្នុងលទ្ធផល ២ទល់២ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ។ ការទាត់បាល់ពិន័យរបស់ Messi ក៏ជាគ្រាប់បាល់ទី៦៣០ របស់គាត់ក្នុងការបង្ហាញខ្លួនលើកទី៧២៤ របស់គាត់សម្រាប់ក្លឹប Barcelona

កីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុមយក្សអេស្ប៉ាញ Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងសំខាន់សម្រាប់ក្លឹប ដោយការពិន័យបាល់ប៉េណាល់ទី ខណៈអ្នកចាំទី Jan Oblak របស់ក្លឹប AtleticoMadrid ចាប់មិនបាន ប៉ុន្តែការប្រកួតនេះនៅតែលទ្ធផលស្មើគ្នា២ទល់២ ដោយ Barcelona នៅតែឈរនៅលេខ២តាមពីក្រោយ Real Madrid ដែលមានប្រកួតនៅក្នុងដៃនៅថ្ងៃស្អែក

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi គឺជាកីឡាករទី៧ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងអាជីពជាកីឡាករបាល់ទាត់។ កីឡាករ Josef Bican នៅតែឈរលើគេក្នុងការរកគ្រាប់បាល់បានច្រើនជាងគេលើពិភពលោករហូតដល់៨០៥ គ្រាប់ កាលពីគាត់លេងចន្លោះឆ្នាំ១៩៣១-១៩៥៥។ ខាងក្រោមនេះគឺជាកីឡាករកំពូលៗទាំង៧រូបដែលរកគ្រាប់បាល់បានច្រើនជាងគេ៖

១-កីឡាករ Josef Bican សញ្ជាតិឆេក លេងឲ្យក្លឹប Rapid Vienna, Slavia Prague រកគ្រាប់បាល់បាន 805 ចន្លោះឆ្នាំ 1931-1955

២-កីឡាករ Romario សញ្ជាតិប្រេស៊ីល លេងឲ្យក្លឹបVasco da Gama, PSV, Barcelona រកគ្រាប់បាល់បាន 772 ចន្លោះឆ្នាំ1985-2007

៣-កីឡាករ Pele សញ្ជាតិប្រេស៊ីល លេងឲ្យក្លឹប Santos, New York Cosmos រកគ្រាប់បាល់បាន767 ចន្លោះឆ្នាំ1957-1977

៤-កីឡាករ Ferenc Puskas សញ្ជាតិហុងគ្រី លេងឲ្យក្លឹប Budapest Honved, Real Madrid រកគ្រាប់បាល់បាន746 ចន្លោះឆ្នាំ1943-1966

៥-កីឡាករ Gerd Muller សញ្ជាតិអាល្លឺម៉ង់ លេងឲ្យក្លឹប Bayern Munich រកគ្រាប់បាល់បាន735 ចន្លោះ1962-1981

៦-កីឡាករ Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ លេងឲ្យក្លឹបSporting CP, Man Utd, Real Madrid, Juventus រកគ្រាប់បាល់បាន 726 ចន្លោះឆ្នាំ2002-បច្ចុប្បន្ន

៧-កីឡាករ Lionel Messi សញ្ជាតិអាហ្សង់ទីន លេងឲ្យក្លឹបBarcelonaរកគ្រាប់បាល់បាន700 ចន្លោះឆ្នាំ2005-បច្ចុប្បន្ន ៕ដោយ៖ភារៈ

 


ចែករំលែក៖