ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ ដកហូតសត្វបក្សីជិត៤០០ក្បាល ដែលដាក់លក់នៅតាមផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើតាមការឲ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី៣០ ខែមិថុនានេះប្រាប់ថាកាលពីថ្មីៗនេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដកហូតសត្វបក្សីជិត៤០០ក្បាល ដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងយកទៅលែងនិងកប់ចោល។ 

មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា បក្សីងាប់ចំនួន៣៦៥ក្បាលត្រូវបានរកឃើញក្នុងការចុះបង្ក្រាបនេះ រួមទាំងសត្វព្រាបងាប់ចំនួន០៩ក្បាលរឹបអូសយកទៅកប់ចោល។ ក្នុងនោះសត្វព្រាបចំនួន២២ក្បាល ដែលនៅរស់ត្រូវដោះលែងឲ្យចូលទៅក្នុងព្រៃវិញ ។

មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងទៀតថា ក្នុងការចាប់អ្នកលក់សត្វព្រៃខុសច្បាប់មានភាពពិបាកណាស់ ដោយសារតែអ្នកលក់ទាំងនោះតែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ ឬអ្នកលក់សត្វបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបម្តងៗ។

ក្នុងសកម្មភាពនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃឬយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម ។ គួរយល់ដឹងថាការប្រើប្រាស់សាច់សត្វព្រៃមានន័យថាជាការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេសខ្លួនឯង៕ដោយ៖ ប្រាថ្នា


ចែករំលែក៖