ខេត្តកណ្ដាល៖ ក្រោយរកឃើញពពុះសណ្ដែក ផលិតរួចមានផ្ទុកគីមីបូរ៉ាក់ (គីមីសំរាប់រក្សាសាកសព) ចំនួន១០៨គីឡូក្រាម នៅទីតាំងផលិតពពុះសណ្ដែកចំនួន៧កន្លែង ត្រូវបានបិទបណ្ដោះអាសន្ន ត្រូវបានរឹបអូសយកទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោល នៅពេលក្រោយ ដើម្បីការពារផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ករណីចុះបិទទីតាំង ធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងរឹបអូសពពុះសណ្ដែកផ្ទុកគីមី ស្ថិតនៅភូមិពុកឬស្សី និងភូមិស្វាយអាត់ ឃុំពុកឬស្សី ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ដោយមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី អធិការស្រុក ប៉ូលីសប៉ុស្តិ៍រដ្ឋបាល បានទទួលការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ប្រធានសាខា ក.ប.ប លោក អ៊ូ ម៉ាន់រិន បានឲ្យដឹងថា៖ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល កម្លាំងបានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើទំនិញពពុះសណ្តែក នៅទីតាំងខាងលើចំនួន៧ទីតាំង ហើយរកឃើញពពុះសណ្ដែកផ្ទុកគីមីខុសច្បាប់ ចំនួន១០៨គីឡូក្រាម ។ បន្ទាប់ពីរកឃើញភស្តុតាងជាក់ស្ដែង កម្លាំងជំនាញបានសម្រេចបិទទីតាំងទាំង៧ បណ្ដោះអាសន្ន រឹបអូសយកផលិតផលទាំងអស់ ទៅរក្សាទុកត្រៀមដុតកម្ទេចចោល រីឯម្ចាស់ទាំង៧ទីតាំង ធ្វើកិច្ចសន្យាចំពោះមុខច្បាប់។
លោកប្រធានសាខាក៏បានសំណូមពរម្ចាស់សិប្បកម្មទាំងអស់ ដែលកំពុងប្រកបរបរពាក់ព័ន្ធ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីខុសច្បាប់បន្តទៀត ឬសុំឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះវាបានធ្វើឲ្យប៉ះពាល់ សុខភាពប្រជាជនធ្ងន់ធ្ងរណាស់ ហើយអាចភ្លាត់ស្នៀត ប៉ះចំបងប្អូនសាច់ញាតិ អ្នកផលិតនៅថ្ងៃណាមួយក៏ថាបាន ហើយសារធាតុគីមីហាមឃាត់នេះ គ្រោះថ្នាក់ណាស់ បើសិនជាពិសារទៅ នឹងបង្កជាជំងឺមហារីក និងជំងឺប្លែកៗច្រើនមុខណាស់។
ការរកសុីដោយចរិកទុច្ចរិតនេះស្មើនឹង មានចេតនាសម្លាប់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគលក្ខណះប្រយោល។ ដូច្នេះសូមជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការមេត្តាចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖បម្ចាស់ទីតាំងទាំង៧ មានរាយនាមដូចខាងក្រោម៖
*ទី១៖ លោក យ័ន្ត ឌឹន ចំនួន២៨,៥គីឡូក្រាម
*ទី២៖ លោក វ៉ូច សាវុន ចំនួន២៤គីឡូក្រាម
*ទី៣៖ លោកស្រី ស្រេង សុខមួយ ចំនួន១២គីឡូក្រាម
*ទី៤៖ លោក ស្រេង ហួរ ចំនួន៥គីឡូក្រាម
*ទី៥៖ លោក ជន់ សុខភាព ចំនួន១០គីឡូក្រាម
*ទី៦៖ លោកស្រី សៀង មឿន ចំនួន២៣.៥គីឡូក្រាម
*ទី៧៖ លោកស្រី កូយ ស៊ីតាវ ចំនួន៥គីឡូក្រាម។
ប្រជាពលរដ្ឋកំពុងតាមដាន ពីចំណាត់ការរបស់ ជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការ តើចាត់បែបណាទៅលើម្ចាស់ទីតាំង ទាំង៧ខាងលើ ខណៈមានអត្តសញ្ញាណ រកឃើញផ្ទុកសារធាតុគីមី ក្នុងការផលិតពពុះសណ្ដែក៕
ដោយ៖សិលា