ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា នៅសប្តាហ៍ក្រោយនេះក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានអះអាងថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើឡើងជាបីដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១៖ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖សាលារៀនមានស្តង់ដាអប្បបរមា។
លោក រស់ សុវាចា បានថ្លែងទៀតថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម–សេដ្ឋកិច្ច។ នាពេលខាងមុខនេះក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។
លោកបន្ថែមថា ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង–ស្ថាប័នពាក់ព័ន្ធ។
គិតត្រឹមថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕ដោយ៖ស តារា