ខេត្តសៀមរាប៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានពិភពលោកចាត់ទុកថាជាប្រទេសមួយ ដែលមានវប្បធម៌និងអរិយធម៌វ័យចំណាស់បំផុតមួយ ដែលបានកកើតឡើងតាំងពីរាប់រយពាន់ឆ្នាំមកម៉្លេះ។ ជាការណ៍ពិតណាស់ បើនិយាយពីវត្ថុស័ក្តិសិទ្ធិ ក៏ដូចជារឿងអបិយជំនឿឯណេះវិញ កម្ពុជាក៏បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំង ណាស់ដែរចំពោះភាពអច្ឆរិយៈដ៏អស្ចារ្យដែលបុព្វបុរសខ្មែរបានរក្សាទុកមកឲ្យកូនខ្មែរបច្ចុប្បន្នបានជ្រួតជ្រាបពីភាពប៉ិនប្រសប់របស់លោកផងដែរ។
យ៉ាងណាមិញ ពេលនិយាយដល់រឿងអបិយជំនឿ វត្ថុស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរគោរពនិងមានជំនឿ គឺមានច្រើនណាស់។ ជាក់ស្ដែងទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ និងល្បីឈ្មោះមួយកន្លែង ប្រចាំដែនដីអច្ឆរិយៈនៅខេត្តសៀមរាបដែលជាទូទៅនៅពេលភ្ញៀវទេសចរអញ្ជើញទៅទស្សនាកម្សាន្ត នៅឯប្រាសាទអង្គរវត្ត ខេត្តសៀមរាប ជាពិសេសនោះគឺប្រជាជនខ្មែរមិនដែលរំលងឡើយក្នុងការទៅកម្សាន្តនៅឯទឹកជ្រោះ និងទៅថ្វាយបង្គំសុំសេចក្តីសុខនិងប៉ងប្រាថ្នាចង់បានអ្វីមួយនៅព្រះអង្គធំលើភ្នំគូលែន ដែលជាទីសក្ការដ៏ពូកែស័ក្តិសិទ្ធិនិងល្បីល្បាញបំផុត។
ជាការណ៍ពិតណាស់ រូបសំណាកព្រះអង្គធំភ្នំគូលែនដែលបានឆ្លាក់ឡើងក្នុងសតវត្សរ៍ទី១៦ មានកម្ពស់ប្រមាណ១៨ ម៉ែត្រ បណ្ដោយ ៩,៧០ម៉ែត្រ ព្រមជាមួយនឹងទទឹង ២,៣០ ម៉ែត្រ ត្រូវបានប្រជាជនខ្មែរចាត់ទុកថាជាទីសក្ការៈដែលមានបារមីស័ក្តិសិទ្ធិ និងជាកន្លែងដែលគ្រប់គ្នាទៅប៉ងប្រាថ្នាសុំពីបំណងរបស់ខ្លួន ពីព្រះអង្គផងដែរ។
នេះបើឮតាមការតំណាលតៗគ្នា គេតែងល្បីថា បើចង់ឲ្យស្នេហាសមប្រកបតាមអ្វីដែលខ្លួនប្រាថ្នា ឬចង់បានសង្សារម្នាក់មកថែបេះដូងគឺយើងអាចទៅបន់ស្រន់សុំពីបារមីព្រះអង្គធំភ្នំគូលែនបាន ពីព្រោះមានមនុស្សជាច្រើននាក់ហើយដែលបានសមប្រកបក្រោយពីទៅអុជធូបសុំពីព្រះអង្គធំហើយ។
ទាក់ទងនឹងដំណឹងលេចឮនេះផងដែរ លោកអាចារ្យមួយរូបដែលលោកនៅមើលថែព្រះអង្គធំភ្នំគូលែនជាច្រើនឆ្នាំណាស់មកហើយនោះ លោកបានបង្ហើបប្រាប់ថា រឿងតំណាលដែលល្បីតៗគ្នានេះ គឺជារឿងពិត។មានមនុស្សជាច្រើនបានមកសុំពីបំណងរបស់ខ្លួនពីព្រះអង្គមែន ហើយមួយរយៈក្រោយមក ក៏ឃើញថាពួកគេបានមកព្រះអង្គធំវិញ ព្រមជាមួយនឹងតង្វាយជាច្រើនយកមកសែនលាបំណន់ពីព្រះអង្គវិញ ក៏ព្រោះតែបំណងដែលពួកគេបានប៉ងនោះបានទទួលជោគជ័យ។ រីឯមនុស្សមួយចំនួនផ្សេងទៀត ដូចជាគូសង្សារ ឬក៏គូស្វាមីភរិយាជាដើម ពួកគេក៏បានមកសរសេរចារឈ្មោះរបស់ពួកគេទាំងពីរនៅលើរូបសំណាកព្រះអង្គធំផងដែរ ដោយពួកគេជឿថា ស្នេហារបស់ពួកគេនឹងនៅគង់វង្ស យូរអង្វែង មិនបែកគ្នាជារៀងរហូត។
យ៉ាងណាមិញ ចំពោះបារមីដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គធំនេះ គឺប្រជាជនខ្មែរមានជំនឿជឿជាក់តាំងពីយូរលង់ណាស់មកហើយ គឺតាំងពីសម័យកាលមុនមកម្ល៉េះ។ ជាការណ៍ពិតណាស់ កាលពីដើមមានអ្នកភូមិដែលរស់នៅទីនេះបានមកធ្វើការបន់ស្រន់សុំបំណងពីព្រះអង្គ ហើយទីបំផុតក៏ទទួលបានលទ្ធផលពិតមែន។
ក្រោយពីនោះមក ក៏មានអ្នកភូមិជាបន្តបន្ទាប់ បានមកបន់ស្រន់សុំព្រះអង្គពីនេះពីនោះ ដោយអ្នកខ្លះក៏បន់ស្រន់សុំកូនទៅ អ្នកខ្លះទៀតក៏បន់ស្រន់សុំឲ្យមុខរបររបស់ខ្លួនទទួលបានជោគជ័យជាទីគាប់ចិត្តទៅ រីឯអ្នកខ្លះទៀតក៏មកបន់ស្រន់សុំរកគូព្រេងពីព្រះអង្គថែមទៀតផង ជាពិសេសនៅពេលទៅវិញ អ្នកទាំងនោះអាចនឹងបានគូស្នេហ៍ដូចអ្វីដែលខ្លួនប៉ងផងដែរ។
នៅពេលបច្ចុប្បន្ននេះ បារមីរបស់ព្រះអង្គធំ គឺនៅតែមានឫទ្ធិបារមីខ្លាំងពូកែ ដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើនបានមកធ្វើការបន់ស្រន់សុំពីបំណងមិនដាច់ឡើយ មិនថាតែសុំរឿងសង្សារ ឬក៏រឿងរកស៊ីនោះទេ។ ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះ គឺយើងបានហាមឃាត់រាល់ការមកសរសេរឈ្មោះរបស់ខ្លួន និងសរសេរអក្សរគ្រប់បែបយ៉ាងនៅលើរូបសំណាកព្រះអង្គធំ ដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់ព្រះរូបដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គជាខ្លាំង។
បច្ចុប្បន្ន ត្រូវបានហាមឃាត់បញ្ឈប់ការសរសេរអក្សរនៅលើរូបសំណាកនេះហើយ។
ក្រៅពីមកសុំផ្សងប្រាថ្នានៅលើព្រះអង្គធំហើយ មនុស្សជាច្រើនក៏បានជឿទៅលើវត្ថុស័ក្តិសិទ្ធិមួយទៀត នោះគឺ«លិង្គព្រះសិវៈ» ដែលគេជឿថាក្រោយពីលុបលាងជម្រះមុខជាមួយនឹងទឹកដែលហូរស្រោចចុះពីលើលិង្គនេះហើយ នឹងធ្វើឲ្យអ្នកមានសំណាងល្អ និងសេចក្តីសុខសប្បាយ ជួបតែរឿងល្អចូលក្នុងជីវិតផងដែរ៕
ដោយ៖ស សម