អន្តរជាតិ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់គាំង និងមនុស្ស១៣នាក់បាត់ខ្លួន។ ចំណែកមនុស្សប្រហែលជា ៧៥,០០០នាក់ទៀត ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅភាគខាងលិច នៃប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ដែលបានបាត់ខ្លួននៅខេត្ត គូម៉ាមូតូបន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានកប់នៅក្រោមដីភក់។ លើសពីនេះទៅទៀតអាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំឱ្យកងទ័ពចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។
ទីភ្នាក់ងារអាកាសធាតុជប៉ុន នៅថ្ងៃសៅរ៍នេះ បានចេញការព្រមានកម្រិតខ្ពស់បំផុត ពីភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្តគូម៉ាមូតូ (Kumamoto) និង កូហ្គូសស៊ីម៉ា (Kagoshima) នៅលើ កោះគ្យូស៊ូ (Kyushu) ។ ដោយមន្ត្រីក្នុងតំបន់ លោក តូស្យាគី មីហ្សុកាមី (Toshiaki Mizukami) បាននិយាយថា៖« យើងបានចេញបទបញ្ជាឱ្យជម្លៀសប្រជាជន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយយើងទទូចឱ្យប្រជាជនអនុវត្តតាម ដើម្បីការពារជីវិតខ្លួនដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង»។
បើតាមសារព័ត៌មានក្យូដូ (Kyodo) ប្រជាជនចំនួន ៧៥,០០០នាក់នៅខេត្តគូម៉ាមូតូ និងកូហ្គាស៊ីម៉ា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេខណៈដែលមនុស្សជិត ១០០នាក់ កំពុងបានជាប់គាំងនៅក្នុងផ្ទះ។ ចំណែកឯ សេវាកម្មរថភ្លើងមួយចំនួន រួមទាំងប្រតិបត្តិការរថភ្លើងល្បឿនលឿនស៊ីនខាន់សិន (Shinkansen) ត្រូវបានផ្អាកនៅក្នុងតំបន់។
បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងរដូវវស្សា ដែលជាញឹកញាប់បង្កជាគ្រោះទឹកជំនន់និង ការរអិលបាក់ដី ដែលជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋានចេញបទបញ្ជាជម្លៀសប្រជាជនជាបន្ទាន់។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕ដោយ៖ស តារា