ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិប្រទះឃើញគ្រោងឆ្អឹងសាកសពស្អុយរលួយមិនស្គាល់អត្តសញ្ញាណនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គ្រោងឆ្អឹងសាកសពមនុស្សស្រីម្នាក់ក្នុងស្ថានភាពស្អុយរលួយ ត្រូវបានអ្នកភូមិប្រទះឃើញនៅកណ្តាលព្រៃជ្រៅក្បែរអូរមួយ ហើយសាកសពនោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

អ្នកភូមិប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សស្រីស្អុយរលួយនោះគឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចអូរប៉យ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ក្រោយពីអ្នកភូមិប្រទះឃើញសាកសពស្អុយរលួយនៅកណ្តាលព្រៃនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃបានចុះទៅដល់កន្លែងកើតហេតុដោយបានធ្វើការពិនិត្យស្ថានភាពគ្រោងឆ្អឹងសាកសពនិងទីជុំវិញសពហើយបានសន្និដ្ឋានថាជាសពមនុស្សស្រី និងកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណឬសាច់ញាតិបន្តទៀតផងដែរ។

ប្រភពបានឱ្យដឹងថា សមត្ថកិច្ចចម្រុះចុះពិនិត្យសាកសពដល់ទីតាំងហើយខាងជំនាញពិនិត្យធ្វើកោសល្យវិច័យមានការពិបាកក្នងការសន្និដ្ឋានអំពីអង្គហេតុនៃការស្លាប់និងស្រាវជ្រាវរកសាច់ញាតិខ្លាំងណាស់។

ទោះបីយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកសាច់ញាតិសពនិងបានប្រកាសជូនដំណឹងគ្រប់ទិសទី បើសិនមានប្រជាពលរដ្ឋណាបាត់សមាជិក សូមទាក់ទងមកមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃភ្លាម។

គ្រោងឆ្អឹងសាកសពដេកស្លាប់កណ្តាលព្រៃនោះ កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ពិនិត្យឃើញក្នុងស្ថានភាពស្អុយរលួយអស់សល់តែស្បែក និងគ្រោងឆ្អឹង មានពាក់អាវសង្រែកពណ៌ស ស្លៀកខោខ្លីពណ៌ខ្មៅ ជើងខាងស្តាំរបូតចេញពីខ្លួនចម្ងាយ ១,៦០ម៉ែត្រ ដៃស្តាំជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល ពាក់កងដៃប្រាក់ចំនួន ៣កង ជើងខាងឆ្វេងសណ្តូកត្រង់ ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ឬបែកឆ្អឹងនោះទេ។

តាមការពិនិត្យជាក់ស្តែងទៅលើទម្រង់មុខ សក់ និងកងដៃអាចបញ្ជាក់ថាជាសាកសពមនុស្សស្រី តែពុំស្គាល់អត្តសញ្ញាណឡើយ។ 

ចំពោះការស្លាប់នេះសមត្ថកិច្ចសន្និដ្ឋានថា មានរយៈពេលប្រហែលជា១ខែមកហើយបើតាមការពិនិត្យលើគ្រោងឆ្អឹងសាកសពទាំងមូល តែមិនទាន់សន្និដ្ឋានបានអំពីការស្លាប់ដោយសារមូលហេតុអ្វីនោះនៅឡើយទេ៕ដោយ​ ៖ជីវ័ន្ត


ចែករំលែក៖