ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ នឹងមានការ រៀបចំពិធីជួបជុំគម្រប់ខួប៤ឆ្នាំ នៃមរណៈភាពរបស់លោក កែម ឡី ដែលត្រូវ ធ្វើការជួបជុំពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នៅនាំ២០២០នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្កុបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមរយៈព័ត៌មាននេះ ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច បានស្នើសុំមកអាជ្ញាធរឱ្យជួយចាត់ វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្តាប់ធ្នាប់សាធារណៈនឹងធានា បាននូវហានិភ័យនៃ អគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងស្ថានីយ៍ប្រេង។
ដោយយោងតាមសំណូមពរ សន្តិសុខ នឹងធានា ខាងលើ ផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា រដ្ឋបាលខណ្ឌ នឹងចាត់វិធានការមិនឱ្យមានការជួបជុំនៅទីតាំងខាងលើឡើយ ដោយ មូលហេតុដូចខាងក្រោម ៖
ទី១. មានការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
ទី២. ដើម្បីធានាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នកចង់សម្តែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ ។
ទី៤. ស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។
រដ្ឋបាលខណ្ឌ គ្មានជម្រើស អ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជន ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ រដ្ឋបាលខណ្ឌ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តជាមួយរដ្ឋបាលខណ្ឌចំការមន ដើម្បីសង្គមជាតិ យើង។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖សំរិត