ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយសំពងឪពុកបង្កើតនឹងព្រនង់ឬស្សី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ករណីឃាត់ខ្លួនកូនរមើសគុណវាយឪពុកបង្កើតខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងរបស់ជនរងរបួសជា(ឪពុកបង្កើត)ឈ្មោះ បុក អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។
នគរបាលស្រុកក្រគរប្រាប់ថា ជនសង្ស័យដៃដល់វាយឪពុកបង្កើតបណ្ដាលឲ្យរងរបួសយ៉ាងដំណំខាងលើ ឈ្មោះ បុក ធុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ ។
នគរបាលស្រុកខាងលើបន្តថា ក្នុងបណ្ដឹងបុរសជាឪពុកបានរៀបរាប់ថា នៅវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរមើសគុណរូបនេះអង្គុយលើអង្រឹងក្រោមផ្ទះ ស្រាប់តែទាញព្រនង់ឬស្សីប្រវែងប្រមាណកន្លះម៉ែត្រ មកសំពងគាត់ចំក្បាល និងគុម្ពត្រចៀកបណ្ដាលបែកហូរឈាម ព្រមទាំងចំខ្លួនប្រាណផងដែរ ថែមទាំងគំរាមអ្នកក្បែរខាងមិនឲ្យប្ដឹងសមត្ថកិច្ចទៀតផង ហើយក្រោយធ្វើសកម្មភាពជិះម៉ូតូចេញទៅបាត់ ។
នគរបាលស្រុកដដែលបន្តទៀតថា ជនរងរបួសជាឪពុកបានអ្នកក្បែរខាងគ្នាបញ្ជូនទៅព្យាបាល ចំពោះជនសង្ស័យដៃដល់(បុក ធុល) បានឃាត់ខ្លួនមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕
ដោយ៖ បុឹម ពិន