បរទេស៖ ក្នុងពេលថ្មីៗនេះអ្នកគាំទ្រជាច្រើននាក់ ពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ខណៈដែលបានឃើញស្នាមញញឹមសាជាថ្មីរបស់បវរកញ្ញាឯក កូឡុំប៊ី ឆ្នាំ២០១១ Daniella Alvarez បន្ទាប់ពីនាងបានសម្រេចចិត្តធ្វើការវះកាត់ជើងឆ្វេងចោលអស់រយៈពេលជិតមួយខែមកនេះ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានភាពភ្ញាក់ផ្អើលនោះគឺ នាងបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបានបង្ហាញពីក្បាច់រាំយ៉ាងរស់រវើក ក្នុងពេលដែលនាងមានត្រឹមតែជើងម្ខាងប៉ុណ្ណោះ ហើយការរាំនេះដោយសារតែមានជំនួយពីប្អូនប្រុសរបស់នាងផងដែរ។
ម៉្យាងវិញទៀត នៅក្នុងការបង្ហោះនេះ នាងថែមទាំងបានសរសេរសារមួយថា៖
ខ្ញុំបានត្រឡប់ទៅរកជីវិតប្រចាំថ្ងៃដែលខ្ញុំចូលចិត្តហើយ។ ការលំបាកមិនមែនជាបញ្ហាអ្វីនោះទេ។ យើងត្រូវតែមានភាពអត់ធន់យ៉ាងខ្លាំង ។
តាមរយៈសារមួយនេះ បានធ្វើឲ្យមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិអបអរសាទរចំពោះនាង ជាពិសេសថែមទាំងកោតសរសើរចំពោះគំនិតសុទិដ្ឋិនិយមនៃការស្រឡាញ់ជីវិត ព្រមទាំងការគិតដែលមានភាពវិជ្ជមាន របស់អតីតបវរកញ្ញារូបនេះ៕ដោយ៖ស សម