ព័ត៌មានទាន់ហេតុការណ៍៖

ភាពខុសគ្នារវាងអ្នកមានពិតប្រាកដនិងអ្នកមានក្លែងក្លាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅត្រង់ណា?

ចែករំលែក៖

មនុស្ស​ម្នាក់​ៗ​ មានភ័ព្វព្រេងវាសនាកើតមកមិនដូចគ្នាទេ អ្នកខ្លះកើតមកលើគំនរទ្រព្យសម្បត្តិ ហើយ​អ្នក​ខ្លះ​ទៀត​កើត​មកជា​កូន​អ្នកក្រីក្រ​ខ្វះមុខ​ខ្វះក្រោយ បាយ​ព្រឹក​ជា​បាយ​ល្ងាច ​ពេល​ខ្លះ​ត្រូវ​ទ្រាំ​ដេក​អត់ ទាំង​ពោះ​កំពុង​តែ​កូរទៀត​ក៏មាន​ដែរ។ តែ​វាសនា​មិន​បិទ​ផ្លូវរបស់​មនុស្សដែល​ខំប្រឹងតស៊ូ​នោះទេ ខ្វះ​អី​អ្នកដែល​ជោគ​ជ័យ​ ​មានទ្រព្យសម្បត្តិចាយ​មិន​អស់​ ហើយមាន​ដើម​កំណើត​​ចេញ​ពីគ្រួសារ​ក្រីក្រលំបាកនោះ។ ប៉ុន្តែក្នុ​ងនោះ ​អ្នក​ក៏​ត្រូវ​តែ​ដឹង​ផង​ដែរថា​ តើ​​អ្នក​ដែល​មាន​ពិ​ត​ប្រាកដ និង​អ្នក​មាន​តែ​តាម​បណ្តាញ​សង្គម​គឺមានភាព​ខុស​ប្លែក​គ្នា​បែបណា?

  បើចង់ដឹងតោះទៅអានទាំងអស់គ្នា៖

១-អ្នក​មាន​ពិត

   អ្នក​ដែល​គេ​មាន​ពិត​ គឺគេ​មិន​ដែល​គិត​ថាខ្លួន​គេ​មាន​នោះទេ។ ពោល​គឺ​គេ​មិន​ចេះ​ទៅ​ដើរ​និយាយអួត​ថា​ខ្លួន​ជា​អ្នកមាន ចំណាយ​ពេលអត់​ប្រយោជន៍​ទៅលើ​ការ​​​​បង្ហោះ​របស់​​ទ្រព្យសម្បត្តិលើ​បណ្តាញ​សង្គម ​បង្អួត​ភ្នែក​អ្នកដទៃនោះទេ។ ​គេក៏មិនមានទម្លាប់ពាក់​មាសពេជ្រសម្ញែង​របស់​ទ្រព្យ​ប៉ុនកដៃកជើងនោះដែរ ហើយពេលទៅណាមកណា​​គឺរមែងខ្លាចគេ​ដឹង​ថាខ្លួន​ជា​អ្នកមាន​។ ព្រោះ​ថា​អ្នក​មាន​ពិត​គឺ​មិន​មែន​សំដៅ​តែ​ទៅលើរបស់​​ទ្រព្យតែ​​មួយ​មុខ​នោះទេ តែ​គឺភាពមានបាន​ប្រកប​ដោយ​បញ្ញា ចេះ​គិត​ដឹង​ខុសត្រូវ​ អ្វី​ដែល​គួរ​ធ្វើ​និង​អ្វី​ដែល​មិន​គួរ​ធ្វើ​។ ឧទាហរណ៍​ដូចជា  លោកBill Gates, Mark Zuckerberg , Jack Ma សុទ្ធតែជាមហាសេដ្ឋីដែល​មាន​លុយ​វាល់ពាន់លាន ដុល្លារលំដាបពិភពលោក តែ​មើល​ពី​របៀប​រស់​នៅគឺ​​សាមញ្ញខ្លាំង​បំផុត ខោអាវពាក់​ដដែល​ៗ គ្មាន​អង្គរក្សការ​ពារ​ឆ្វេងស្តាំ បរិច្ចាគ​ថវិកាជួយ​ដល់​ប្រជាជន ​និង​ប្រទេស​ក្រីក្រ ហើយក៏មិន​ផ្អើលអ្នកកាសែតទៅ​ចុះផ្សាយ​ដែរ។

២-អ្នកមាន​លើបណ្តាញ​សង្គម​

    គ្មាន​អ្វី​ដែល​ចម្លែកនោះឡើយ អ្នក​ដែលគេ​មាន​ពិត​ គេ​មិន​ទៅ​គិត​ចង់​អួត​ចង់​ចាញ់ឈ្នះ​គ្នានៅលើ​បណ្តាញ​សង្គមនោះទេ គឺមាន​តែ​អ្នក​អត់​​នោះទេដែលខំ​ព្យាយាម​សម្ញែងថតបង្ហោះបង្ហាញ​អ្នក​ដទៃ​ឱ្យដឹងថា​ខ្លួន​ជា​អ្នក​មាន។​​ ដូចពាក្យ​ថា«​បុគ្គល​ណាដែល​កាន់​តែអួត​ថា​ខ្លួន​ជាមនុស្ស​ឆ្លាត បុគ្គលនោះ​ក៏​កាន់តែ​ល្ងង់​ផងដែរ»។ ព្រោះ​ថា​សេចក្តី​ថ្លៃថ្នូររបស់​មនុស្ស​មិនមែន​អាស្រ័យលើ​គ្រឿង​អលង្ការខាង​​ក្រៅ​ខ្លួន​ទាំងអស់​នោះតែមួយ​មុខ​ទេ។

យ៉ាងណាមិញ​ ​ចំណុច​រៀប​រាប់​ខាងលើ​ គឺគ្រាន់តែ​ជា​រឿង​រ៉ាវ ដែល​កើត​ឡើង​ហើយ​ ឆ្លុះបញ្ចាំង​ពីតថភាព​នៃ​​សង្គម​របស់​យើង ​នា​ពេលបច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ។ ម្យ៉ាង​ទៀតការ​ដែលថត​បង្ហោះ​បង្អួតពី​របស់​ទ្រព្យ​លើ​បណ្តាញ​សង្គមនេះ ​គឺ​មិន​មាន​ជា​ផល​ប្រយោជន៍​អី្វ ក្រៅពី​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និងគ្រួ​សារតែប៉ុណ្ណោះ។ ដូច្នេះការរស់នៅបែបសាមញ្ញ ធម្មតា មិនសូវបង្ហាញ ទើបជាការរស់នៅប្រកបទៅដោយក្តីសុខ និងមានសុភមង្គលពិតប្រាកដ៕ ដោយ៖ស សម


ចែករំលែក៖