ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង ធ្វើ​ពិធី​អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ ខែកក្កដា ឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ត្រី សៅចាន់ណា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបាននាំយកកូនឈើ៣ប្រភេទមានដូចជាកូនធ្នង់ បេងនិងគ្រញូងចំនួន៥៥ដើមទៅដាំក្នុងវត្តព្រៃធ្នង់ស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះក៏មានការនិមន្តចូលរួមដាំពីព្រះគ្រូចៅអធិការវត្ត លោកតាអាចារ្យ
គណៈកម្មការវត្ត ព្រះសង្ឃជាច្រើនអង្គផងដែរ។

ទាក់ទងនឹងពិធីបុណ្យ«រុក្ខទិវា»នេះតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បុណ្យ«រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០។

បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់»។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឆ្លៀត ព្រះរាជវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ៕ដោយ៖យឹម សុថាន

IMG_5194


ចែករំលែក៖